សុន្ទរកថារបស់លោកស្រី អ៊ីងវេន ខាងលើនេះធ្វើឡើងក្នុងឱកាសប្រារព្ធពិធីបុណ្យជាតិតៃវ៉ាន់ និងធ្លាក់មកភ្លាមៗដែរ ក្រោយប្រធានាធិបតីចិនលោកស៊ី ជីនពីង ប្តេជ្ញាថានឹងបង្រួបបង្រួមតៃវ៉ាន់ជាចិនតែមួយឲ្យបាន។
កោះតៃវ៉ាន់ដែលមានប្រជាជនប្រមាណ ២៣ លាននាក់ រស់នៅក្រោមការគំរាមកំហែងឥតឈប់ឈរ ពីចិនកុម្មុយនិស្តដែលចាត់ទុកកោះនេះជាខេត្តមួយរបស់ខ្លួន។ ចិនក៏ធ្លាប់បានប្រកាសគំរាមរួចហើយដែរថានឹងវាយយកតៃវ៉ាន់ដោយប្រើកម្លាំងទ័ពនៅថ្ងៃដែលតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យ។
“ នៅខណៈដែលយើងកាន់តែរីកម្រើនលូតលាស់ យើងប្រឈមទៅនឹងសម្ពាធពីចិនកាន់តែច្រើន”។ នេះគឺការលើកឡើងរបស់លោកស្រី សៃ អ៊ីងវេន ដោយបន្ថែមថាគ្មាននរណាម្នាក់ អាចបង្ខំក្រុងតៃប៉ិឲ្យដើរតាមផ្លូវដែលចិនគូសវាសនោះទេ។ ហើយការថែរក្សាការពារលទ្ធិប្រជាធិបតេយ្យ គឺជាចំណុចអាទិភាពរបស់តៃវ៉ាន់។
ទោះបីជាបានប្រកាសថាមិនព្រមឱនក្បាលចុះញ៉មនឹងការដាក់សម្ពាធពីចិនប៉េកាំងក្តី ក៏មេដឹកនាំក្រុងតៃប៉ិ នៅតែសង្ឃឹមថាទំនាក់ទំនងតានតឹងជាមួយក្រុងប៉េកាំងនឹងធូរស្រាលមកវិញខ្លះ ហើយថាខ្លួននឹងមិននឹងធ្វើសកម្មភាពតបតអ្វីដោយតក់ក្រហល់នោះទេ។
សម្តីរបស់ប្រធានាធិបតីតៃវ៉ាន់ខាងលើ ត្រូវគេដឹងថាចង់សំដៅដល់ទង្វើគំរាមកំហែងរបស់ប៉េកាំង ដែលបានបញ្ជូនយន្តហោះចម្បាំងជាច្រើន ចូលក្នុងតំបន់ដែនអាកាសតៃវ៉ាន់នាប៉ុន្មានថ្ងៃចុងក្រោយនេះ។
គួររំឭកថា ចិន និង តៃវ៉ាន់ ត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលពីរដាច់ដោយឡែកពីគ្នាចាប់តាំងពីសង្គ្រាមស៊ីវិលចិនបិទបញ្ចប់នៅឆ្នាំ ១៩៤៩។ ចិនប៉េកាំងកាប់កាប់ដោយរបបកុម្មុយនិស្ត ចំណែកតៃវ៉ាន់គ្រប់គ្រងដោយក្រុមអ្នកគាំទ្ររបបប្រជាធិបតេយ្យ។
ភាពតានតឹងរវាងក្រុងប៉េកាំង និងតៃប៉ិ បានឡើងដល់កម្រិតខ្ពស់បំផុតក្រោមការដឹកនាំរបស់លោកប្រធានាធិបតីចិនស៊ីជីន ពីងដែលបានផ្តាច់ទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ ក្រោយលោកស្រី សៃ អ៊ីងវេន ដែលជាអ្នកជាតិនិយមជាប់ឆ្នោតក្លាយជាមេដឹកនាំតៃវ៉ាន់ក្នុងឆ្នាំ២០១៦៕
មតិយោបល់