ព័ត៌មានជាតិ

កម្ពុជានៅសល់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩ ចំនួនជាង ៦លានដូសទៀត សម្រាប់ចាក់ដូសជំរុញដល់ប្រជាពលរដ្ឋ

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសទទួលវ៉ាក់សាំងស៊ីណវ៉ាក់ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលនិងប្រជាជនចិន ជូនរាជ រដ្ឋាភិបាលកម្ពុជានាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជានៅសល់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩ ចំនួនជាង៤លានដូសទៀត រួមជាមួយនឹងការមកដល់វ៉ាក់ សាំងដែលជាជំនួយ របស់រដ្ឋាភិបាលចិន២លានដូសទៀត ដូចនេះសរុបទាំងអស់ចំនួនជាង៦លានដូស សម្រាប់ត្រៀមចាក់ដូសជំរុញដល់ប្រជាពលរដ្ឋខ្មែរ ខណ:យុទ្ធនាការចាក់ដូសជំរុញ បានចាប់ផ្តើមពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១កន្លងមកនេះ។

លោកជំទាវបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងសរុបជាង៣៦លានដូស ដែលបានចាក់ជូនប្រជាពលរដ្ឋប្រមាណ ជាង១៣លាន ៥សែននាក់រួចទៅហើយ។ លោកជំទាវបន្តថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រឹងប្រែង យ៉ាងខ្លាំង ទាំងការស្វែងរកវ៉ាក់សាំង និងការកសាងផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ ដោយមានប្រទេសចិនជាបង្អែកលើការផ្គត់ផ្គង់វ៉ាក់សាំងនេះ ធ្វើឱ្យកម្ពុជារកបានវ៉ាក់សាំងបានឆាប់រហ័សតាមការចង់បានរបស់កម្ពុជា។ ជាមួយនឹងវត្តមានវ៉ាក់សាំងទាំងនេះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញបទបញ្ជាដាច់ណាត់ មិនត្រូវឱ្យវ៉ាក់សាំងដេកនៅក្នុងឃ្លាំង ឡើយ គឺត្រូវតែបានចូលទៅក្នុងខ្លួនរបស់ប្រជាពលរដ្ឋ។

«វ៉ាក់សាំងមួយចំនួនគឺមាននៅតាមស្តុបនៅគ្រប់ខេត្តទាំងអស់ គឺមិនមានបញ្ហាអ្វីទេចំពោះវ៉ាក់សាំង។ ហើយយើងនៅតែបន្តទទួលវ៉ាក់សាំងជាជំនួយរបស់ប្រទេសចិន និងជំនួយទាំងទ្វេភាគីរបស់យើងជាបន្តបន្ទាប់ទៀត ហើយយើងមានទាំងស៊ីណូហ្វាមនិងស៊ីណូវ៉ាក់ ឥឡូវនេះយើងមានជំនួយរបស់ប្រទេសចិនចំនួន៧លានដូសកន្លះហើយ។ដូច្នេះវ៉ាក់សាំងទាំងអស់នៅក្នុងឃ្លាំងសុទ្ធសឹងតែជាវ៉ាក់សាំងស៊ីណូវ៉ាក់ដែលយើងបញ្ជាទិញ ហើយថ្ងៃនេះគឺជាវ៉ាក់សាំងជំនួយ របស់ប្រទេសចិន»។

លោកជំទាវបានបន្ថែមទៀតថា ជាមួយនឹងការផ្តល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ ដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា ចិនបានក្លាយជាប្រទេសបង្អែក ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រទេសកម្ពុជា។ វត្តមានវ៉ាក់សាំងរបស់ចិន បានធ្វើឱ្យកម្ពុជា សម្រេចផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានយ៉ាងឆាប់រហ័ស និងមុនផែនការគ្រោងទុក ។

គូរជម្រាបថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺមានសារសំខាន់ណាស់ក្នុងការជួយឱ្យប្រជាពលរដ្ឋមានអង្គបដិបក្ខរឹងមាំ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កាត់បន្ថយអត្រាស្លាប់ដោយសារឥទ្ធិពលមេរោគ ហើយក៏ជួយកាត់បន្ថយការរីករាលដាល ជំងឺផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺជាយុទ្ធសាស្ត្រលើសមរភូមិសង្គ្រាមជាមួយនឹងសត្រូវឥតស្រមោលកូវីដ១៩នេះ៕

មតិយោបល់