ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា ព្រះសង្ឃ និងវិស័យឯកជន ដាំកូនឈើ ២,៥០០ដើមនៅបរិវេណវត្តព្រះវិហារប្រាំពីរល្វែង

នៅព្រឹកថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ ២០២១ នេះ អាជ្ញាធរជាតិអប្សរា ព្រះសង្ឃ និងវិស័យឯកជន បានចូលរួមដាំកូនឈើចំនួន ២,៥០០ដើម នៅបរិវេណវត្តព្រះវិហារប្រាំពីរល្វែង។

ថ្លែងក្នុងពិធីនៅពេលនោះ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ថា អាជ្ញាធរបានចាប់ផ្តើមការងារដាំកូនឈើឡើងវិញក្នុងរមណីយដ្ឋានអង្គរ ពីឆ្នាំ២០០៤ ដែលរហូតមកដល់ពេលនេះ មានកូនឈើប្រមាណ ២លានដើមហើយដែលបានដាំ។ ឯកឧត្តមបន្ថែមថា ចំនួននេះមិនរាប់ដើមឈើដែលអាជ្ញាធរជាតិអប្សរា បានចែកចាយដល់សាធារណជនយកទៅដាំទាំងក្នុង និងក្រៅខេត្តសៀមរាបនោះទេ។

ឯកឧត្តមអគ្គនាយក ក៏បានរំលឹកពីអត្ថប្រយោជន៍ជាច្រើនរបស់ដើមឈើ ទាំងផ្នែកបរិស្ថាន និងការអភិរក្ស។ ឯកឧត្តមពន្យល់ថា ដើមឈើតែងទទួលបាននូវភាពសំណើមខ្ពស់ ដែលវាជួយកាត់បន្ថយកម្ដៅនៅលើថ្មប្រាសាទ និងទប់ខ្យល់ មិនឱ្យប៉ះពាល់ផ្ទាល់ទៅលើថ្មប្រាសាទជាដើម ដែលជួយលើការអភិរក្សមួយផ្នែកធំ។ បន្ថែមពីនេះ ដើមឈើ ក៏មានតួនាទីជួយស្រូបយកខ្យល់កាបូនអុកស៊ីត មិនឱ្យសាយភាយក្នុងបរិយាកាសជាដើម ដែលកាបូននោះវានឹងក្លាយជាភ្លៀងអាស៊ីត ពេលចូលទៅក្នុងបរិយាកាស។

ជាមួយគ្នានោះដែរ ឯកឧត្តម ហង់ ពៅ ក៏បានថ្លែងអំណរគុណដល់លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ដែលបានសហការជួយរៀបចំដាំដើមឈើ និងកែលម្អបរិវេណវត្តព្រះវិហារវត្តប្រាំពីរល្វែងឡើងវិញ។ ឯកឧត្តមអគ្គនាយកពន្យល់ថា គោលការណ៍របស់អាជ្ញាធរជាតិអប្សរា គឺចង់ឱ្យវត្តទាំងអស់ក្នុងរមណីយដ្ឋានអង្គរមានសណ្ដាប់ធ្នាប់ និងបរិស្ថានល្អ ស័ក្ដិសមជាទីសក្ការបូជារបស់ប្រជាជនខ្មែរយើងទាំងមូល និងចង់ឱ្យវត្តទាំងអស់ ក្លាយជាគំរូដល់វត្តនៅតាមតំបន់ដទៃទៀត៕

ប្រភព៖​​​​​​ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

មតិយោបល់