ព័ត៌មានជាតិ

លោកជំទាវ ឱ វណ្ណឌីន៖ ការបន្តរស់នៅក្នុងប្រអប់ នៃវីរុសកូវីដ-១៩ គឺស្មើនឹងរង់ចាំសេចក្តីស្លាប់

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស បានបញ្ជាក់ថា យើងមិនអាចបន្តរស់នៅក្នុងប្រអប់នៃជំងឺកូវីដ-១៩ បានទៀតទេ ព្រោះថាបើនៅបន្តទៀត នោះមិនយូរមិនឆាប់ យើងនឹងក្ស័យមិនខាន។

លោកជំទាវវេជ្ជបណ្ឌិត បានពន្យល់ថា ៖ “ការបន្តរស់នៅក្នុងប្រអប់ នៃវីរុសកូវីដ-១៩ គឺស្មើនឹងរង់ចាំសេចក្តីស្លាប់ដូច្នេះដែរ ដូចនេះហើយទើបសម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីពេលថ្មីៗនេះសម្រេចប្រកាសបើកឡើងវិញនូវដំណើរការសង្គមទាំងមូល ដើម្បីជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ច ដែលនេះគឺជាការសម្រេចចិត្តក្នុងដំណាក់កាលមួយដ៏ត្រឹមត្រូវ និងឈ្លាសវៃបំផុត របស់សម្តេចតេជោ។ ហើយបន្ថែមពីនោះ គឺជាអ្វីដែលយើងត្រូវរៀនសូត្រ រៀនរស់នៅជាមួយវត្តមានវីរុសកូវីដ-១៩ ក្នុងបរិបទនៃការប្រយុទ្ធប្រឆាំងការរាតត្បាតជាមួយនឹងជំងឺនេះ”។

លោកជំទាវ ក៏បានបន្តផងដែរថា កម្ពុជាយើងមិនអាចបន្តសំងំស្ងៀមនោះទេ ដោយត្រូវធ្វើយ៉ាងណាក៏ដោយ ត្រូវតែរៀនសូត្រពីវីរុសនេះផង រៀនពីវិធីគ្រប់គ្រងផង និងត្រូវតែរកវិធីដើម្បីដើរចេញពីប្រអប់វីរុសនេះផង ដែលនេះជាចំណុចល្អមួយ ដែលយើងទាំងអស់គ្នាទន្ទឹងរង់ចាំ បន្ទាប់ពីយុទ្ធនាការចាក់វ៉ាក់សាំងបានទទួលជោគជ័យ ដោយអាចស្រោចស្រពទូទាំងប្រទេសដល់ក្រុមគោលដៅទាំងអស់។

បន្ថែមពីនេះ លោកជំទាវវេជ្ជបណ្ឌិត ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចេះទទួលខុសត្រូវដោយខ្លួនឯង និងសហគមន៍ត្រូវចូលរួមចំណែក នៅក្នុងការចូលរួមអនុវត្តវិធានការសុខាភិបាលឱ្យបានត្រឹមត្រូវ និងម៉ត់ចត់ផងដែរ បន្ទាប់ពីប្រទេសរបស់យើងបានវិលត្រលប់មកកាន់ប្រក្រតីភាពថ្មី តាមបែបគន្លងថ្មី ដោយមិនត្រូវធ្វេសប្រហែស ឬយល់ច្រឡំ ឬបោះបង់ចោល ដោយភ្លេចអនុវត្តវិធានការការពារខ្លួន ជាពិសេសគឺ ០៣កុំ និង០៣ការពារនោះទេ។

លោកជំទាវ បានពន្យល់ថាបន្ថែមពាក់ព័ន្ធនឹងការវិលត្រលប់នេះថា ៖ “សូមបងប្អូនកុំយល់ច្រឡំ! យើងវិលទៅវិញមែន ប៉ុន្តែមិនមែនវិលទៅរកស្ថានភាពមុនកម្ពុជាមានវីរុសកូវីដ-១៩នោះទេ គឺយើងវិលទៅរកស្ថានភាពរស់នៅធម្មតា តាមបែបប្រក្រតីភាពថ្មី។ មានន័យថាបងប្អូនប្រកបរបររកស៊ីទទួលទាន ការធ្វើដំណើរ ឬសកម្មភាពប្រចាំថ្ងៃជាធម្មតាជាដើម តែត្រូវប្រកាន់ភ្ជាប់នូវវិធានការការពារខ្លួនឱ្យបានជាប់លាប់”។

លោកជំទាវវេជ្ជបណ្ឌិត បានបញ្ជាក់ផងដែរថា វ៉ាក់សាំងនូវតែជាឧបករណ៍ដ៏សំខាន់បំផុត ដើម្បីទប់ស្កាត់ការរាតត្បាត ក៏ដូចជាភាពធ្ងន់ធ្ងរនៃសុខភាព ហើយក៏ជាយុទ្ធសាស្រ្តទី៦ របស់សម្តេចតេជោ ហ៊ុន សែន ផងដែរ ដូច្នេះហើយ លោកជំទាវ នៅតែអំពាវនាវដល់បងប្អូនដែលនៅសេសសល់មិនទាន់បានមកទទួលវ៉ាក់សាំង និងអាណាព្យាបាលដែលមានបុត្រអាយុ ៥ឆ្នាំ សូមនាំកូនសូមមកទទួលវ៉ាក់សាំង តាមមន្ទីរពេទ្យរដ្ឋ មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកខេត្ត បើទោះជាយុទ្ធនាការចាក់វ៉ាក់សាំងជុំទី១ សម្រាប់ក្រុមអាយុ ៦ឆ្នាំឡើងបានបិទបញ្ចប់ក្តី៕

 

មតិយោបល់