(តិចសាស់)៖ អាជ្ញាធរអាមេរិកបាន ឱ្យដឹងថាមនុស្សយ៉ាងហោច ៨នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស នៅក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រីមួយដែលមានអ្នកចូលរួម យ៉ាងណែនណាន់តាន់តាប់ នៅឯទីក្រុង Houston នៃរដ្ឋ Texas។
បើតាមមន្ត្រីប៉ូលិសអាមេរិកក្នុងតំបន់, ភាពចលាចលបានកើតឡើង បន្ទាប់ពីហ្វូងមនុស្សបានសម្រុកចូលរួមក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រីខាងលើ។ មនុស្ស១១នាក់ ត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យដោយសារខ្វះខ្យល់ដកដង្ហើម ឬគាំងបេះដូង ហើយក្នុងចំណោមអ្នកទាំងនេះមាន ៨នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់។ ចំណែកឯ មនុស្ស ច្រើនជាង ៣០០នាក់ផ្សេងទៀត ក៏បានរងរបួសផងដែរ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រគុំតន្ត្រីខាងលើមានអ្នកចូលរួមទស្សនា ៥០,០០០នាក់ឯណោះ ហើយបើតាមអ្នករៀបចំកម្មវិធី ឧប្បដិហេតុនេះបានកើតឡើងនៅម៉ោង ២១៖១៥នាទីយប់ នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅរដ្ឋតិចសាស់) នៅពេលមនុស្សម្នាជាច្រើនបានសម្រុកចូល ទៅខាងមុខឆាកប្រគុំតន្ត្រីបង្កឱ្យមានភាពចលាចល រុញគ្នាទៅវិញទៅមកដែលមើលទៅដូចហេតុការណ៍រត់ជាន់គ្នា ដោយធ្វើឱ្យអ្នកដួលសន្លប់ និងថប់ដង្ហើមរហូតដល់គាំងបេះដូងស្លាប់៕
ប្រភព៖ NBC News



មតិយោបល់