(ស៊ីដនី)៖ ក្រសួងសុខាភិបាលនៃរដ្ឋ New South Wales នៃប្រទេសអូស្រ្តាលី បានឱ្យដឹងថាអ្នកដែលមិនបានចាក់វ៉ាក់សាំងបង្ការ COVID-19 នឹងប្រឈមមុខនឹងអត្រាចូលសម្រាកក្នុងបន្ទប់សង្រ្គោះបន្ទាន់ ឬក៏ស្លាប់រហូតដល់ ១៦ដង លើសអ្នកដែលបានចាក់វ៉ាក់សាំងបង្ការគ្រប់ដូស។
នៅក្នុងរបាយការណ៍ខាងលើដែលចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ ក្រសួងសុខាភិបាលរដ្ឋ New South Wales បានបញ្ជាក់ថា នៅក្នុងចំណោមអ្នកដែលបានស្លាប់ ដោយសារវីរុសបំប្លែងខ្លួន Delta ចំនួន ៤១២នាក់ គិតត្រឹមរយៈពេល ០៤ខែ រហូតដល់ដើមខែតុលាកន្លងទៅនេះ មានអ្នកចាក់វ៉ាក់សាំងគ្រប់ដូស ឬ ២ដូស ត្រឹមតែ ១១ភាគរយប៉ុណ្ណោះ ហើយក្នុងចំណោមអ្នកស្លាប់ទាំងនេះទៀតសោត គឺជាមនុស្សចាស់មានអាយុជាមធ្យម ៨២ឆ្នាំ។
បន្ថែមពីលើនេះ មានតែ ៣ភាគរយប៉ុណ្ណោះ នៃអ្នកជំងឺចូលសម្រាកក្នុងបន្ទប់សង្រ្គោះបន្ទាន់ ដែលជាអ្នកបានចាក់វ៉ាក់សាំង ២ដូស ខណៈច្រើនជាង ៦៣ភាគរយនៃករណីឆ្លង ៦១,៨០០ករណីនៅចន្លោះពីថ្ងៃទី១៦ ខែមិថុនា ដល់ថ្ងៃទី០៧ ខែតុលាកន្លងទៅនេះ សុទ្ធតែជាមនុស្សមិនបានចាក់វ៉ាក់សាំងបង្ការ៕
ប្រភព៖ AFP
មតិយោបល់