បរទេស៖ វិរៈបុរសក្លឹបបិសាចក្រហម Man UTD លោក Wayne Rooney នៅថ្ងៃនេះបានធ្វើការលើកឡើងថាលោកពិតជារីករាយបំផុតប្រសិនបើជាអាចវិលត្រឡប់មកកាន់ទឹកដី Old Trafford វិញប៉ុន្តែបញ្ជាក់ថាពេលនេះលោកមិនទាន់សាកសមដើម្បីជំនួសតំណែងរបស់លោក Ole Solskjare ឡើយ។
បច្ចុប្បន្នមាននាមជាគ្រូបង្វឹករបស់ក្លឹប Derby លោក Rooney បានសារភាពថាព័ត៌មានចចាមអារ៉ាមគឺពិតជាមានច្រើនមួយរយៈចុងក្រោយនេះហើយជាពិសេសគឺការមកជំនួសតំណែងរបស់លោក Ole ដែលកំពុងរងសំពាធពីសំណាក់អ្នកគាំទ្រនិងគណកម្មការក្លឹបពាក់ព័ន្ធទៅនឹងទំរង់លេងរបស់ក្រុម។
អតីតកីឡាករឆ្នើមអង់គ្លេសរូបនេះមួយរយៈចុងក្រោយបានទទួលរងនូវព័ត៌មានថានឹងអាចជំនួសតំណែងរបស់លោក Solskjare ប្រសិនបើគ្រូបង្វឹកនវេសរូបនេះនឹងត្រូវបណ្តេញចេញប៉ុន្តែលោក Rooney នៅតែបញ្ជាក់ថាលោកកំពុងផ្តោតយកចិត្តទុកដាក់ទៅលើលទ្ធផលរបស់ Derby តែមួយមុខគត់នៅពេលនេះ៕
មតិយោបល់