(ប៊ែរឡាំង)៖ ប្រទេសអាល្លឺម៉ង់ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកានេះ បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 សរុបនៅទូទាំងប្រទេស បានកើនឡើងលើស ១០០,០០០នាក់ហើយ។ បើតាមទិន្នន័យពីទីភ្នាក់ងារសុខភាពអាល្លឺម៉ង់ Robert Koch Institute (RKI)។
ទីភ្នាក់ងារសុខភាពអាល្លឺម៉ង់ Robert Koch Institute (RKI) បានបញ្ជាក់ថាអ្នកជំងឺ COVID-19 ចំនួន ៣៥១នាក់បន្ថែមទៀត បានស្លាប់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេស កើនឡើងដល់ ១០០,១១៩នាក់ ខណៈករណីឆ្លងប្រចាំសប្តាហ៍ ក៏បានឡើងដល់កម្រិតខ្ពស់ផងដែរ ដោយបានកត់ត្រានូវ ករណីឆ្លងថ្មីៗជាមធ្យមជាង ៤០០នាក់ ក្នុងចំណោមមនុស្ស ១០០,០០០នាក់។
ការកើនឡើងយ៉ាងគំហុកនូវចំនួនករណីឆ្លង និងស្លាប់នៅក្នុងប្រទេសអាល្លឺម៉ង់ បានកើតឡើងស្របពេល ទ្វីបអឺរ៉ុបបានក្លាយជាចំណុចកណ្តាល នៃការឆ្លងរីករាលដាលជំងឺ COVID-19 សាជាថ្មី ខណៈអឺរ៉ុបកំពុងប្រយុទ្ធប្រឆាំងនឹងភាពយឺតយ៉ាវនៃដំណើរការចាក់វ៉ាក់សាំង នៅក្នុងប្រទេសមួយចំនួនជាពិសេសគឺអាល្លឺម៉ង់តែម្ដង៕
ប្រភព៖ AFP
មតិយោបល់