Life360 គឺជាកម្មវិធីតាមដានដែលអាចដំឡើងបាននៅលើទូរសព្ទស្មាតហ្វូន ដែលមានប្រព័ន្ធប្រតិបត្តិការ iPhone និង Android ហើយដែលអ្នកប្រើប្រាស់រាប់លាននាក់ចូលចិត្តប្រើដើម្បីអាចឱ្យសមាជិកគ្រួសារដឹងពីទីតាំងរបស់ពួកគេទៅវិញទៅមក។
កម្មវិធី Life360 ដែលមានអ្នកប្រើប្រាស់ចំនួនប្រមាណ ៣៣លាននាក់ទូទាំងពិភពលោកត្រូវបានរកឃើញកាលពីពេលថ្មីៗនេះថា បានលក់ទិន្នន័យទីតាំងជាក់លាក់របស់អ្នកប្រើប្រាស់ដែលរាប់បញ្ចូលទាំងទិន្នន័យទីតាំងរបស់កុមារផងនោះទៅឱ្យក្រុមហ៊ុនប្រមូលនិងចងក្រងទិន្នន័យទីតាំង ដែលបន្ទាប់មកពួកគេបានលក់ទិន្នន័យទាំងនោះទៅឱ្យក្រុមហ៊ុនជាច្រើនទៀត។ ទោះបីជា លក្ខខណ្ឌក្នុងការប្រើប្រាស់របស់កម្មវិធី Life360 បញ្ជាក់ថា “ទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់នឹងត្រូវបានលក់” ប៉ុន្តែអ្នកប្រើប្រាស់ភាគច្រើនប្រហែលជាមិនបានអានអំពីលក្ខខណ្ឌ ឬមិនបានដឹងអំពីរបៀបដែលទិន្នន័យត្រូវបានចែកចាយបន្ទាប់ពីវាផ្តល់ឱ្យទៅឈ្មួញកណ្តាល។
អតីតបុគ្គលិក Life360 ពីរនាក់បាននិយាយថា Life360 គឺជាប្រភពទិន្នន័យដ៏ធំបំផុតមួយនៅក្នុងការលក់ទិញទិន្នន័យទីតាំង ហើយពួកគេបានបង្ហាញពីការព្រួយបារម្ភចំពោះរបៀបដែលទិន្នន័យត្រូវបានប្រើប្រាស់ និងកង្វះខាតក្នុងការការពារទិន្នន័យកុំឱ្យធ្លាក់ទៅលើដៃជនខិលខូច។ ជាងនេះទៅទៀតពួកគេក៏បានអះអាងផងដែរថា Life360 មិនមានការប្រុងប្រយ័ត្នដើម្បីធានាថា ប្រវត្តិទីតាំងមិនអាចត្រូវបានគេតាមដានត្រឡប់ទៅបុគ្គលដើមវិញនោះទេ។
ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា អ្នកប្រើប្រាស់គួរតែចៀសវាងបញ្ចូលកម្មវិធីដែលមិនត្រូវការចាំបាច់ ជាពិសេសកម្មវិធីណាដែលទាមទារឱ្យមានការឯកភាពជាមួយនឹងការតាមដានទីតាំងនោះ។ ជាឧទាហរណ៍ ក្នុងការប្រើប្រាស់កម្មវិធីនេះលោកអ្នកអាចដឹងពីកន្លែងដែលសមាជិកក្រុមគ្រួសាររបស់អ្នកនៅ ប៉ុន្តែអ្នកដែលបានទិញព័ត៌មាន ក៏អាចដឹងពីទីតាំងទាំងនោះបានដែរ៕
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
មតិយោបល់