ព័ត៌មានជាតិ

រដ្ឋមន្ត្រីនៃរបបយោធាមីយ៉ាន់ម៉ាម្នាក់ ថាសាលក្រមផ្តន្ទាទោសលោកស្រី អោង សាន ស៊ូជី បង្ហាញថា «គ្មាននរណាម្នាក់ អង្គុយលើច្បាប់ឡើយ»

(ណៃពិដោ)៖ ការផ្តន្ទាទោសលោកស្រី អោង សាន ស៊ូ ជី ដាក់ពន្ធនាគារ គឺជាការបង្ហាញថា គ្មាននរណាម្នាក់អាចអង្គុយនៅពីលើច្បាប់បានឡើយ ខណៈការស្នើឲ្យបន្ធូរបន្ថយទោសលោកស្រី ដោយលោក មីន អោង ហ្លេងគឺឈរលើគោលការណ៍ «មនុស្សធម៌» សុទ្ធសាធ។ នេះជាការលើកឡើង របស់មន្ត្រីជាន់ខ្ពស់ម្នាក់នៃរបបយោធាមីយ៉ាន់ម៉ា។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក Maung Maung Ohn ធ្វើការកត់សម្គាល់ខាងលើថ្ងៃអង្គារនេះ នៅឯសន្និសីទ
សារព័ត៌មានខ្លីមួយតាមប្រព័ន្ធវីរដេអូ។ លោក បានបញ្ជាក់ដូច្នេះថា «គ្មាននរណាម្នាក់ អាចអង្គុយលើច្បាប់បានឡើយ។ ប្រព័ន្ធយុត្តិធម៌នៅមីយ៉ាន់ម៉ា គឺគ្មានភាពលម្អៀង»។

កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ តុលាការមីយ៉ាន់ម៉ានៃរបបយោធាមីយ៉ាន់ម៉ា សម្រេចកាត់ក្តីឲ្យលោកស្រី អោង សាន ស៊ូ ជី ជាប់ពន្ធនាគារយៈពេល ៤ឆ្នាំ ក្រោមបទល្មើសញុះញង់ឲ្យមានការបះបោរប្រឆាំងយោធា និងបំពានច្បាប់គ្រប់គ្រងជំងឺ COVID-19។ តែនៅយប់ថ្ងៃចន្ទដដែល លោក មីន អោង ហ្លេង ក៏ស្រាប់តែបានស្នើឲ្យបន្ធូរបន្ថយទោសរបស់លោកស្រី ស៊ូ ជី និងអតីតប្រធានាធិបតីមីយ៉ាន់ម៉ា លោក Win Myint ដែលត្រូវជាប់ពន្ធនាគារ ០៤ឆ្នាំដូចគ្នា ឲ្យនៅសល់ត្រឹម ០២ឆ្នាំវិញ៕

ប្រភព៖ AFP

មតិយោបល់