ព័ត៌មានជាតិ

​ឯកឧត្ដមរដ្ឋមន្ត្រីទេសចរណ៍សាទរចំពោះកំណើនភ្ញៀវចុងសប្តាហ៍ទី២ខែធ្នូ និងជំរុញវិស័យឯកជនត្រៀមទទួលភ្ញៀវនៅពេលឆ្លងឆ្នាំ

(ភ្នំពេញ)៖ នៅចុងសប្ដាហ៍ទី២នៃខែធ្នូ ឆ្នាំ២០២១នេះ កំណើនភ្ញៀវទេសចរផ្ទៃក្នុងគឺមានកើនឡើងលើសសប្ដាហ៍មុនៗទៀត ដោយភ្ញៀវទេសចរសរុបមានចំនួន ២២២,៥២៧ នាក់ ក្នុងនោះភ្ញៀវជាតិ ២១៦,៧០៩ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៥,៨១៨ នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ៣៧,៤៦៧ នាក់
* រាជធានីភ្នំពេញ ២៨,៨៤៤ នាក់
* ខេត្តកំពត ២៧,០៤១ នាក់
* ខេត្តកំពង់ស្ពឺ ២៦,៥២៥ នាក់
* ខេត្តពោធិ៍សាត់ ២០,៨២៦ នាក់
* ខេត្តសៀមរាប ១៩,១៦៣ នាក់
* ខេត្តបាត់ដំបង ១៣,៨៥០ នាក់
* ខេត្តកែប ៧,២៣៦ នាក់
* ខេត្តមណ្ឌលគិរី ៦,៩១៤ នាក់។

ជាការកត់សម្គាល់របស់ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន តួលេខខាងលើមានការកើនឡើងប្រមាណ ២២.៩៣% ធៀបនឹងចុងសប្តាហ៍កន្លងមក។ ខេត្តព្រះសីហនុបានក្លាយជាគោលដៅទេសចរណ៍លំដាប់កំពូល ដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេប្រចាំសប្តាហ៍ក្នុងរយ:ពេល៣សប្តាហ៍ចុងក្រោយនេះ។

មន្ទីរទេសចរណ៍ និងរដ្ឋបាលរាជធានី-ខេត្តបាននិងកំពុងខិតខំជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និង SOP ឲ្យបានគ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ ស្របពេលដែលក្រសួងទេសចរណ៍ក៏បានកំពុងតាមដានការគ្រប់គ្រងគោលដៅទេសចរណ៍ធំៗទាំងបី គឺខេត្តព្រះសីហនុ ខេត្តសៀមរាប និងរាជធានីភ្នំពេញ។

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានជំរុញដល់វិស័យឯកជន និងប្រតិបត្តិករទេសចរណ៍ត្រូវបន្តរៀបចំអាជីវកម្មខ្លួនឱ្យមានគុណភាពល្អ សម្រាប់ទទួលភ្ញៀវទេសចរនាឱកាសថ្ងៃឈប់សម្រាកឆ្លងឆ្នាំ២០២១ ឆ្លងចូល២០២២ខាងមុខនេះ៕

មតិយោបល់