ព័ត៌មានជាតិ

ខ្លាំងមែន! បាក់ឌុបឆ្នាំនេះ សិស្សប្រឡងជាប់និទ្ទេស A សរុបជិត២ពាន់នាក់

ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២២ នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៧ ធ្នូ ២០២១ ដែលមានមណ្ឌលប្រឡងនៅគ្រប់រាជធានី ខេត្ត សរុប ២០៤ មណ្ឌល, បន្ទប់ប្រឡង ៤ ៦១៥ បន្ទប់, និងបេក្ខជនចុះ ឈ្មោះក្នុងបញ្ជីសរុប ១១៤ ១៨៧ នាក់ ដែលក្នុងនោះ ១០៤ ២៩៩ នាក់ ជាបេក្ខជនចំណេះទូទៅ ៤ ៤១៧ នាក់ ជាបេក្ខជនស្វៃរិន, ៣ ៤៣៦ នាក់ ជាបេក្ខជនបំពេញវិជ្ជា, និង ២០៣៥នាក់ ជាបេក្ខជនស្វៃរិនបំពេញវិជ្ជា។

តាមរយៈសេចក្ដីប្រកាសនោះ ក្រសួងបានបញ្ជាក់ឱ្យដឹងទៀតថា បេក្ខជនគ្រប់រាជធានី-ខេត្ត ទទួលបាននិទ្ទេស A ចំនួន ១ ៧៥៣ នាក់ ក្នុងនោះ បេក្ខជនមកពីរាជធានី ភ្នំពេញ ៥៦៥ នាក់, ខេត្តសៀមរាប ១៥៣ នាក់, កណ្តាល ១២៧ នាក់, បាត់ដំបង ១២៣ នាក់, កំពង់ចាម ១១៨ នាក់, បន្ទាយមានជ័យ ៩៩ នាក់, តាកែវ ៩៩ នាក់, ព្រៃវែង ៨៧ នាក់, កំពត ៧៥ នាក់, ត្បូងឃ្មុំ ៥៤ នាក់, ក្រចេះ ៤៥ នាក់, កំពង់ធំ ៤១ នាក់, កំពង់ស្ពឺ ៣៣ នាក់, ពោធិ៍សាត់ ២៨ នាក់, ស្វាយរៀង ២៦ នាក់, កំពង់ឆ្នាំង ២២ នាក់, ព្រះសីហនុ ២០ នាក់, រតនគិរី ០៩ នាក់, ស្ទឹងត្រែង ០៦ នាក់, ប៉ៃលិន ០៦ នាក់, ឧត្តរមានជ័យ ០៥ នាក់, កោះកុង ០៤ នាក់, ព្រះវិហារ ០៤ នាក់, កែប ០៣ នាក់, និងខេត្តមណ្ឌលគិរី ០១ នាក់។

ក្រសួងបានបញ្ជាក់ឱ្យដឹងទៀតថា បេក្ខជនប្រឡងជាប់មានចំនួន ៧២០១៦ នាក់ ត្រូវជា ៦៥.៦៥% (បើប្រៀបធៀបនឹងឆ្នាំ២០១៩ ចំនួន ៦៨.៦២%) ក្នុងនោះបេក្ខជនដែលទទួលបាននិទ្ទេស A មានចំនួន ១៧៥៣ នាក់ (ឆ្នាំ២០១៩ ចំនួន ៤៤៣ នាក់), និទ្ទេស B មានចំនួន ៥ ២១៥ នាក់ (ឆ្នាំ២០១៩ ចំនួន ២ ៤៣០ នាក់), និទ្ទេស C មានចំនួន ១១. ៦៣៤ នាក់ (ឆ្នាំ២០១៩ ចំនួន ៥៨៤៧នាក់), និទ្ទេស D មានចំនួន ២៣ ៤៩៩ នាក់ (ឆ្នាំ២០១៩ ចំនួន ១៤ ១០០ នាក់), និងនិទ្ទេស E មានចំនួន ២៩ ៩១៥ នាក់ (ឆ្នាំ២០១៩ ចំនួន ៥៦ ២៣២ នាក់)៕

មតិយោបល់