(តូក្យូ)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៊ីដា (Fumio Kishida) តាមប្រព័ន្ធវីដេអូនៅថ្ងៃសុក្រសប្ដាហ៍នេះ។ ជំនួបនេះកើតមានឡើង ចំពេលប្រទេសទាំង២ កំពុងពង្រឹងទំនាក់ទំនងដើម្បីទប់ទល់ជាមួយ នឹងការកើនឡើងឥទ្ធិពលចិន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បានបញ្ជាក់ ទៀតថា កិច្ចប្រជុំខាងលើនឹងគូសបញ្ជាក់ពីសម្ពន្ធភាពដ៏រ៉ឹងមាំរវាងសហរដ្ឋអាមេរិក និងជប៉ុនដែលជាមូលដ្ឋានគ្រឹះនៃសន្តិភាព, សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងនៅជុំវិញពិភពលោក។
ក្រៅតែពិភាក្សាគ្នាពីទំនាក់ទំនងទ្វេភាគី លោក ចូ បៃដិន និងលោក ហ្វូមីអុ គីស៊ីដា ក៏នឹងពិភាក្សាគ្នាផងដែរពី ការប្រយុទ្ធប្រឆាំងនឹង COVID-19, បច្ចេកវិទ្យា និងបញ្ហាប្រែប្រួលអាកាសធាតុ៕
ប្រភព៖ AFP
មតិយោបល់