ព័ត៌មានជាតិ

«គ្មាននរណាចរចាជាមួយហ៊ីត្លែរទេ», នេះជាការលើកឡើងរបស់នាយករដ្ឋមន្ត្រីប៉ូឡូញ រិះគន់លោក ម៉ាក្រុង ជុំវិញការចរចាជាមួយលោក ពូទីន

(វ៉ាសូវី)៖ ប៉ូឡូញ នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បានរិះគន់ប្រធានាធិបតីបារាំង លោក អែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) ជុំវិញការចរចា ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដោយនិយាយថា «គ្មាននរណាម្នាក់ចរចាជាមួយហ៊ីត្លែរ (Hitler) នោះទេ» ចំពេលលោកខាងលិច ថ្កោលទោសការសម្លាប់រង្គាលជនស៊ីវិល ក្នុងកំលុងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។

នាយករដ្ឋមន្ត្រីប៉ូឡូញ លោក ម៉េតទូស ម៉ូរ៉ាវ៉ីកគី (Mateusz Morawiecki) បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានដូច្នេះថា «លោកប្រធានាធិបតី ម៉ាក្រុង, តើលោកបានចរចាជាមួយលោកពូទីនប៉ុន្មានដងហើយ តើលោកបានសម្រេចអ្វីខ្លះ? តើលោកបានបញ្ឈប់សកម្មភាពណាមួយ ដែលបានកើតឡើងហើយ ឬនៅ? គេមិនគួរចរចាជាមួយឧក្រិដ្ឋជននោះទេ ផ្ទុយទៅវិញគួរតែប្រយុទ្ធជាមួយពួកគេ… គ្មាននរណាម្នាក់ចរចាជាមួយហ៊ីត្លែរ «Hitler» នោះទេ តើលោកចង់ចរចាជាមួយហ៊ីត្លែរ (Hitler), ស្ដាលីន (Stalin), ប៉ុលពត (Pol Pot) ទេ?»។

ប៉ុន្តែ ឆ្លើយតបទៅនឹងការរិះគន់របស់ប៉ូឡូញ ការិយាល័យប្រធានាធិបតីបារាំង អេលីហ្សេ (Elysee) បានលើកឡើងថាវាជារឿងសំខាន់ណាស់សម្រាប់ លោកប្រធានាធិបតី ពូទីន ក្នុងការយល់ដឹងពីការទាមទាររបស់បណ្ដាប្រទេសលោកខាងលិច និងការខូចខាតសម្រាប់រុស្ស៉ី ក្នុងការមិនយកចិត្តទុកដាក់ ចំពោះពួកគេ ដូចកាលពីពេលដំបូងមក។

លោកប្រធានាធិបតី ម៉ាក្រុង បានប្រើប្រាស់គ្រប់មធ្យោបាយដែលមានដើម្បីធ្វើឲ្យលោកប្រធានាធិបតី ពូទីនបញ្ឈប់សង្គ្រាមដូចជាការដាក់ទណ្ឌកម្ម ទ្រង់ទ្រាយធំ ការគាំទ្រដល់អ៊ុយក្រែន, ការទាមទារដែលធ្វើឡើងដោយផ្ទាល់ចំពោះលោកប្រធានាធិបតី ពូទីន កំលុងការសន្ទនាតាមរយៈទូរស័ព្ទ»៕

ប្រភព៖​ Reuters

មតិយោបល់