ព័ត៌មានជាតិ

អ្នកជំនាញចិន៖ អូមីក្រុង អាចបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់មនុស្សចាស់, អ្នកមានជំងឺប្រចាំកាយ

(ប៉េកាំង)៖ ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្ដចិន ដែលកំពុងព្យាបាលអ្នកជំងឺ COVID-19 នៅក្នុងខេត្តជីលីន (Jilin) ភាគឦសានប្រទេសចិន បានឱ្យដឹងថា មេរោគបំប្លែងថ្មីអូមីក្រុង (Omicron) អាចបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ក្រុមអ្នកដែលងាយរងគ្រោះ ដូចជាមនុស្សចាស់ និងអ្នកដែលមានជំងឺប្រចាំកាយធ្ងន់ធ្ងរ។

ចាប់តាំងពីថ្ងៃទី២ ខែមីនា នៅពេលដែលរលកចុងក្រោយនៃជំងឺ COVID-19 បានចាប់ផ្តើមផ្ទុះឡើងនៅក្នុងទីក្រុង Jilin នៃខេត្ត Jilin ទីក្រុងនេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជិត ២៥,០០០ករណី ដោយ ៩៧.៥ភាគរយនៃអ្នកជំងឺមានរោគសញ្ញាស្រាល ឬមិនមានរោគសញ្ញា។ ចំណែកឯ ករណីមានរោគសញ្ញាស្រាល និងគ្មានរោគសញ្ញា ត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែក នៅមណ្ឌលចត្តាឡីស័ក ខណៈករណីមាន រោគសញ្ញាមធ្យម ធ្ងន់ធ្ងរ និងករណីមានជំងឺប្រចាំកាយធ្ងន់ធ្ងរខ្លាំង ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដែលបានកំណត់ ដើម្បីសម្រាកព្យាបាល។

លោក កាង យ៉ាន់ (Kang Yan) អ្នកជំនាញមកពីក្រុមព្យាបាលជំងឺជាតិប្រចាំខេត្ត Jilin បានបញ្ជាក់ប្រាប់ទីភា្នក់សារព័ត៌មានចិនស៊ីនហួថា គិតត្រឹមថ្ងៃទី៣ ខែមេសា ករណីមានរោគសញ្ញាធ្ងន់ធ្ងរមានចំនួន ៥០ករណី និងធ្ងន់ធ្ងរខ្លាំងមានចំនួន ៣៥ករណីដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ Jilin Central ជាមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យដែលបានកំណត់ក្នុងទីក្រុង ដើម្បីទទួលអ្នកជំងឺ COVID-19 ហើយ ១០នាក់ ក្នុងចំណោមពួកគេនៅតែប្រើម៉ាស៊ីនជំនួយដង្ហើម ដើម្បីជួយពួកគេដកដង្ហើម៕

ប្រភព៖​​​​​​ CGTN

មតិយោបល់