ព័ត៌មានជាតិ

សហភាពអឺរ៉ុប គ្រោងអនុម័តទណ្ឌកម្មបន្ថែម ប្រឆាំងរុស្ស៉ីឆាប់ៗនេះ

(ប៉ាណាម៉ា ស៊ីធី)៖ ប្រមុខការទូតសហភាពអឺរ៉ុប លោក Josep Borrell នៅថ្ងៃច័ន្ទសប្ដាហ៍នេះបាននិយាយថាសហភាពអឺរ៉ុប អាចនឹងអនុម័តដាក់ទណ្ឌកម្មជុំទី៦ ប្រឆាំងនឹងរុស្ស៉ី នៅឯកិច្ចប្រជុំក្រុមប្រឹក្សាកិច្ចការបរទេស ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១០ និងថ្ងៃទី១៦ ខែឧសភានេះ។

នៅក្នុងសន្និសីទសារព័ត៌មានមួយ កំលុងបំពេញទស្សនកិច្ចក្នុងទីក្រុងប៉ាណាម៉ា ស៉ីធី Panama City លោក Josep Borrell បានបញ្ជាក់ទៀតថា សហភាពអឺរ៉ុប រំពឹងថាអាចនឹងរឹតត្បិតការនាំចេញថាមពលរបស់រុស្ស៉ី ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងមូស្គូ ជុំវិញសង្រ្គាមនៅអ៊ុយក្រែន ដែលលោកខាងលិចចាត់ទុកថាជាការឈ្លានពាន។

បើតាមក្រុមមន្ត្រីអឺរ៉ុប, មេដឹកនាំអឺរ៉ុបត្រូវបានគេរំពឹងថាអាចនឹងលើកឡើងនូវសំណើនៃកញ្ចប់ទណ្ឌកម្មបន្ថែមប្រឆាំងរុស្ស៉ី ក្នុងនោះរួមមាន ការហាមឃាត់ការនាំចូលប្រេងពីរុស្ស៉ី ប៉ុន្តែមកទល់នឹងពេលនេះ បណ្ដាប្រទេសជាសហភាពអឺរ៉ុបនៅតែបន្តខ្វែងគំនិតគ្នាលើការដាក់ទណ្ឌកម្មលើ វិស័យថាមពលរុស្ស៉ី ដែលជាអ្នកផ្គត់ផ្គង់ឧស្ម័នធំបំផុតឱ្យអ៉ឺរ៉ុប៕

ប្រភព៖​​​​​​ Reuters

មតិយោបល់