(តូក្យូ)៖ ជនសង្ស័យជាឃាតកបាញ់សម្លាប់លោក អាបេ សិនហ្សូ កាលពីថ្ងៃសុក្រសប្ដាហ៍មុន បានសារភាពថាខ្លួនមានបំណងធ្វើឃាតអតីតនាយករដ្ឋមន្ត្រីជប៉ុនរូបនេះ ដោយការបំផ្ទុះគ្រាប់បែក តែផែនការនេះត្រូវបានលុបចោលទៅវិញ។
បើតាម NHK នៅចំពោះមុខក្រុមអ្នកស៊ើបអង្កេត ជនសង្ស័យឈ្មោះ យ៉ាម៉ាហ្គាមិ តេស៊ុយ៉ា (Yamagami Tetsuya) បានអះអាងថាពីដំបូងឡើយរូបគេមានបំណង សម្លាប់លោក អាបេ ដោយការបំផ្ទុះគ្រាប់បែកនៅឯព្រឹត្តិការណ៍មួយក្នុងទីក្រុង អូកាយ៉ាម៉ា (Okayama) ដែលមានចម្ងាយផ្លូវធ្វើដំណើររយៈពេល ៣ម៉ោង ពីទីក្រុង Nara។ ជនសង្ស័យយ៉ាម៉ាហ្គាមិ បានបញ្ជាក់ដូច្នេះថា «ដំបូងឡើយ ខ្ញុំគិតចង់សម្លាប់លោកអតីតនាយករដ្ឋមន្ត្រីនៅទីនោះ (ទីក្រុងអូកាយ៉ាម៉ា) ប៉ុន្តែខ្ញុំបានឃើញថា នៅទីនោះមានសន្តិសុខយាមកាមតឹងរ៉ឹងនៅច្រកចូល ដែលពិបាកក្នុងការចូលទៅក្នុង»។
ការធ្វើឃាតលោក អាបេ សិនហ្សូ បាន និងកំពុងបង្កឱ្យមានការចោទសួរជាខ្លាំងចំពោះសន្តិសុខការពារថ្នាក់ដឹកនាំនៅក្នុងប្រទេសជប៉ុន ខណៈប៉ូលិសក្នុង ទីក្រុង Nara បានទទួលស្គាល់ពីភាពចន្លោះប្រហារការពារសន្តិសុខជូនលោក អាបេ។ លោក អាបេ ត្រូវបានជនសង្ស័យយ៉ាម៉ាហ្គាមិ មានអាយុ៤១ឆ្នាំ បាញ់សម្លាប់ កាលពីថ្ងៃសុក្រសប្ដាហ៍ កំលុងកំពុងថ្លែងសុន្ទរកថានៅលើដងផ្លូវក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន។ ជនសង្ស័យរូបបានចូលទៅក្បែរលោក អាបេ ពីខាងក្រោយ និងបានបាញ់ប្រហារចំនួន២គ្រាប់លើរូបលោក។
បើតាមក្រុមអ្នកជំនាញ គ្រាប់ទី២ ត្រូវបានបាញ់ក្នុងរយៈពេល៣វិនាទី ក្រោយគ្រាប់ទី១ ហើយតាមបទដ្ឋានសន្តិសុខ ប៉ូលិសការពារសន្តិសុខគួរណាស់តែផ្ដួលលោក អាបេ ទៅលើដី ក្រោយការបាញ់ប្រហារគ្រាប់ទី១ ហើយគួរតែឡោមព័ទ្ធការពាររូបលោក និងនាំលោកចូលទៅក្នុងរថយន្ដ ឬទៅកន្លែងមានសុវត្ថិភាព៕
Reuters
មតិយោបល់