ស្ទឹងត្រែងៈ បុរសម្នាក់ ត្រូវបានជនមិនស្គាល់មុខស្ទាក់វាយសម្លាប់ក្នុងថ្លុកឈាម ខណៈពេលដែលកំពុងតែវិលត្រឡប់ពីកន្លែងផឹកស្រាមកផ្ទះវិញ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិស្រឡៅ ឃុំអន្លងជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ អ៊ឹម ម៉ៅ អាយុ៥១ឆ្នាំ មានស្រុកកំណើតនៅភូមិក្រូច ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ បច្ចុប្បន្នជនរងគ្រោះមានដីចំការមួយកន្លែងនៅក្នុងភូមិកើតហេតុខាងលើ។
សមត្ថកិច្ចបន្តថា មុនពេលកើតហេតុជនរងគ្រោះបានផឹកស្រាជាមួយកូន និងកម្មកររបស់គាត់ក្នុងដីចំការស្ថិតក្នុងភូមិ ឃុំកើតហេតុសរុបទាំងអស់មានគ្នា៤នាក់។ បន្ទាប់មកដល់ពេលល្ងាចថ្ងៃដដែល ក្រោយពីផឹកស្រាស្រវឹងរួច ក៏បែកគ្នាទៅផ្ទះរៀងៗខ្លួន។
ខណៈពេលដែលជនរងគ្រោះកំពុងតែដើរម្នាក់ឯង ក៏ត្រូវជនមិនស្គាល់មុខស្ទាក់វាយសម្លាប់នៅកណ្តាលផ្លូវលំជិតថ្លុកទឹក ត្រង់ចំណុចភូមិស្រឡៅ ដែលមានចម្ងាយពីផ្លូវជាតិលេខ៩ ប្រមាណជា១គីឡូម៉ែត្រ។
ក្រោយកើតហេតុសមត្ថកិច្ចចុះទៅដល់កើតហេតុ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យលើសាកសពរួចមក សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះ គឺពិតជាបានស្លាប់ដោយសារគេវាយសម្លាប់ពិតប្រាកដមែន។
បច្ចុប្បន្នសពជនរងគ្រោះ ត្រូវអ្នកភូមិនាំគ្នារៀបចំធ្វើបុណ្យតាមប្រពៃណីរួចរាល់ហើយ។ ចំណែកឯ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកំពុងដាក់ការស៊ើបអង្កេតតាមរកផងដែរ៕
មតិយោបល់