ព័ត៌មានជាតិ

មន្ដ្រី​កាំកុងត្រូល ​​​ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ ​នៅ​មាត់​ច្រកទ្វារ​ អន្តរជាតិ​ប៉ោយប៉ែត

បន្ទាយមានជ័យៈ កម្លាំងចម្រុះ រួមមាន ប៉ូលិសសេដ្ឋកិច្ចក្រសួង-ខេត្ត មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត ដឹងនាំដោយសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យគុណភាព ទំនិញតាមម៉ាត នៅមាត់ច្រកទ្វារ អន្តរជាតិប៉ោយប៉ែត កាលពីរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ ម្សិលមិញនេះ ។

លោក ហុង លៀង អនុប្រធានទី១ សាខាកាំត្រូលខេត្តបន្ទាយមានជ័យ ទទួលបន្ទុកស្ថិតិទីផ្សារ បានឲ្យដឹងថា ដោយអនុវត្ត តាមការណែនាំ របស់លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ លើការត្រួតពិនិត្យ និងពង្រឹងគុណភាពម្ហូបអាហារ លើទីផ្សារក្នុងខេត្តបន្ទាយមានជ័យ លោកបានដឹកនាំមន្ត្រីរបស់លោក សហការជាមួយ ប៉ូលិសសេដ្ឋកិច្ចក្រសួង-ខេត្ត មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត ចុះធ្វើការត្រួតពិនិត្យគុណភាពទំនិញ ដែលតាំងលក់តាមស្តាម៉ាត់ ចំនួន៣ទីតាំង ស្ថិតនៅម្តុំមាត់ច្រកទ្វារ អន្តរជាតិប៉ោយប៉ែត ហើយបានរកឃើញ និងដកហូតទំនិញជាគ្រឿងឧបភោគ-បរិភោគ ដែលខូចគុណភាព និងហួសកាលបរិច្ឆេទ ចំនួន៤៥មុខ ស្មើនឹង២៨០គីឡូក្រាម ។

ជាមួយគ្នានេះដែរ លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ ក៏បានធ្វើការអំពាវនាវ ដល់អាជីវករតាមម៉ាត ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ រាល់ពេលទិញទំនិញមកលក់ ជៀសវាង ទិញទំនិញខូចគុណភាព ឫហួសកាលបរិច្ឆេទ ជាពិសេសទំនិញដែលច្បាប់ហាមឃាត់ ជាដើម ។ ទៀតសោត ប្រសិនបើមន្ត្រីជំនាញ រកឃើញថា នៅតែបន្តលក់ទំនិញខូចគុណភាព ដូចដែលបានដកហូតខាងលើ ជាលើកទី២ គឺសមត្ថកិច្ចជំនាញ របស់លោកមិនអាចអនុគ្រោះ បានឡើយ ពោលគឺត្រូវតែអនុវត្ត ទៅតាមផ្លូវច្បាប់ ៕

មន្ដ្រីកាំកុងត្រូល (1)មន្ដ្រីកាំកុងត្រូល (2)មន្ដ្រីកាំកុងត្រូល (3)មន្ដ្រីកាំកុងត្រូល (4)

មតិយោបល់