ភ្នំពេញៈ ជនសង្ស័យចំនួន២នាក់ ក្នុងចំណោមបក្សពួក៣នាក់ ធ្វើសកម្មភាព ឆក់អាយផេតពីបុរសម្នាក់ រួចព្យាយាមរត់គេចខ្លួន ប៉ុន្តែត្រូវបានជនរងគ្រោះស្រែកឆោឡោផ្អើលសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌឬស្សីកែវ សហការជាមួយនគរបាលប៉ុស្ត៏រដ្ឋបាលសង្កាត់ទួលសង្កែដេញស្ទាក់ចាប់ខ្លួនបានចំនួន ២នាក់ ចំណែក១នាក់រត់គេចខ្លួនបាត់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨ និង៣០នាទីយប់ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ ដែលស្ថិតនៅក្នុងហាងកាហ្វេយីហោស្រីខួច ដែលមានទីតាំងនៅតាមបណ្តោយផ្លូវលេខ៧០ ក្រុម៩ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
លោក ហ៊ុយ ហ៊ាន នាយប៉ុស្តិ៍នគរបាលទួលសង្កែ បានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានទាំង២នាក់ទី១ឈ្មោះ ឆិល គីមលី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៨៣ ផ្លូវលេខ៩៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ជនសង្ស័យទី២ឈ្មោះ ចាន់ សុថា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់ផ្ទះជួល ផ្លូវរថភ្លើង ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។ ចំណែកជនសង្ស័យទី៣ដែលរត់គេចខ្លួនមានឈ្មោះ ត្រេន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ចំណែកជនរងគ្រោះមានឈ្មោះ រស់ ឌី ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះលេខ០៥៩អ៊ី ផ្លូវរថភ្លើង ក្រុម១ ភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រីឯសំភារៈដែលត្រូវក្រុមចោរឆក់ អាយផេត មួយគ្រឿង ។
ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើត ជនរងគ្រោះបានអង្គុយផឹកកាហ្វេក្នុងហាងយីហោស្រីខួច ហើយចុចអាយផេត លេងហ្វេកប៊ុក ស្រាប់តែមានជនសង្ស័យចំនួន៣នាក់ បាននាំគ្នាធ្វើសកម្មភាពឆក់យក អាយផេត ពីដៃជនរងគ្រោះ បានសម្រេចហើយរត់គេចខ្លួនតាមផ្លូវរថភ្លើង ត្រូវបានជនរងគ្រោះស្រែកផ្អើលឆោឡោថាចោរៗ ផ្អើលដល់ប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ចដែលកំពុងជិះល្បាតតាមដងផ្លូវបានឃើញ ដេញចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ ចំណែកបក្សពួកម្នាក់ទៀត គេចខ្លួនបាត់ស្រមោល ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីធ្វើការសាកសួរ ឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់