ព័ត៌មានជាតិ

ជំនួបពិភាក្សាការងាររដ្ឋមន្ត្រីក្រសួងសាធារណការ ជាមួយសហភាពអឺរ៉ុប

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយលោកស្រី Fiona Ramsey ទីប្រឹក្សារបស់ប្រធានកិច្ចសហប្រតិបត្តិការសហភាពអឺរ៉ុប ដោយមានការអមដំណើរពីលោក Daniel Gonzalez-Levassor អនុព័ន្ធពាណិជ្ជកម្ម និងការអភិវឌ្ឍន៍វិស័យឯកជន សម្រាប់សហភាពអឺរ៉ុប និងលោក James Lenaghan នាយកគ្រប់គ្រងក្រុមហ៊ុន Global Customs Compliance Ltd។ ជំនួបពិភាក្សានេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកស្រី Ramsey បានជម្រាបជូនលោក ស៊ុន ចាន់ថុល អំពីការបង្កើតកម្មវិធីពាណិជ្ជកម្មសហភាពអឺរ៉ុប ហើយថា ប្រតិភូសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា បានជ្រើសរើសអ្នកពិគ្រោះយោបល់អន្តរជាតិ ដែលទទួលបន្ទុកលើការសិក្សាកំណត់ និងបង្កើតគម្រោងសម្រាប់ឆ្នាំ២០១៧រួចហើយ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងនូវការកោតសរសើរចំពោះសហភាពអឺរ៉ុប ដែលបានផ្តល់ការគាំទ្រជាបន្ត និងគំនិតផ្តួចផ្តើមថ្មី ស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម និងភ័ស្តុភារដឹកជញ្ជូន ដែលជួយបង្កើនការតភ្ជាប់អាស៊ាន។ លោកទេសរដ្ឋមន្រ្តី បានកត់សម្គាល់អំពីរបៀប ដែលភ័ស្តុភារដឹកជញ្ជូនដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។

ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្ត្រី ក៏បានស្នើឲ្យសហភាពអឺរ៉ុប គាំទ្រដល់ការបង្កើតក្រុមប្រឹក្សាជាតិដឹកជញ្ជូន ជួយកំណត់ផែនការមេនៃភ័ស្តុភារដឹកជញ្ជូន ជួយអភិវឌ្ឍន៍តំបន់គ្រប់គ្រងច្រកត្រួតពិនិត្យព្រំដែន ការងារស្តីពីការអនុវត្តកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ព្រំដែន (CBTA) ក្នុងបរិបទអាស៊ាន និងមហាអនុតំបន់ទន្លេមេគង្គ និងគាំទ្រដល់ការកសាងសមត្ថភាព ដែលទាក់ទងទៅនឹងប្រតិបត្តិការចុះបញ្ជីនាវាសញ្ជាតិកម្ពុជា នេះ(Flag of Convenience) និងតម្រូវការហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្នែកទន់ផ្សេងៗទៀត៕

sun-chanthol-meet-fiona-ramsey-5sun-chanthol-meet-fiona-ramsey-2sun-chanthol-meet-fiona-ramsey-1sun-chanthol-meet-fiona-ramsey-3sun-chanthol-meet-fiona-ramsey-4

មតិយោបល់