ព័ត៌មានកីឡា

FIFA ដាក់បម្រាម Real Madrid និង AT Madrid មិនឱ្យទិញកីឡាកររហូតដល់ ២០១៨

ការតវ៉ាក្ដីរបស់ក្លឹប Real Madrid និង Atletico Madrid មិនបានជោគជ័យឡើយ ពោលគឺត្រូវ FIFA ច្រានចោលទាំងអស់ ខណៈដែលបម្រាមហាមទិញដូរកីឡាកររហូតដល់ឆ្នាំ២០១៨ នឹងនៅរក្សាដដែល។

រឿង FIFA ដាក់បម្រាមក្លឹបទាំងពីរខាងលើនេះ កើតឡើងតាំងពីរដូវកាលមុនមកម្ល៉េះ ខណៈដែលការតវ៉ាចេះតែមានរហូតមក ដោយក្លឹប Real Madrid និង Atletico Madrid សំអាងថាពួកគេបរិសុទ្ធ មិនបានប៉ះពាល់រឿងទិញកីឡាករក្រោមអាយុ១៨ឆ្នាំពីក្រៅទ្វីបអឺរ៉ុបនោះទេ។ យ៉ាងណាមិញ កាលពីយប់មិញនេះ FIFA បានចេញមកបញ្ជាក់ហើយថា ការតវ៉ាទាំងអស់មិនមានប្រសិទ្ធភាពឡើយ ហើយបម្រាមមិនឱ្យទិញដូរកីឡាកររហូតដល់ឆ្នាំ២០១៨ នឹងកើតមានឡើងសម្រាប់ក្លឹបទាំងពីរនេះ។

បន្ថែមពីលើនេះទៀត FIFA ក៏បានពិន័យជាប្រាក់ផងដែរ ពោលគឺ Atletico Madrid ពិន័យ ៦២២ ០០០ ផោន និង Real Madrid ពិន័យ ២៤៩ ០០០ផោន។

សូមបញ្ជាក់ថាច្បាប់ FIFA បានចែងថាក្លឹបទាំងអស់មិនអាចទិញដូរកីឡាករក្រោមអាយុ១៨ឆ្នាំបានឡើយ ដែលនេះជាការគាំពារសិទ្ធមនុស្សមួយ។ ប៉ុន្តែការដោះដូរអាចកើតមានបាន ប្រសិនបើកីឡាករក្រោមអាយុ១៨ឆ្នាំស្ថិតក្នុងលក្ខខណ្ឌ៣យ៉ាងគឺ៖

១. ឪពុកម្ដាយនៃកីឡាកររូបនោះ ត្រូវផ្លាស់ទៅក្លឹបថ្មីដែលបានទិញកូនរបស់ខ្លួន ដើម្បីជាការតាមថែរក្សាកូន
២. ក្លឹបទាំងពីរដែលធ្វើការដោះដូរកីឡាករក្រោមអាយុ១៨ឆ្នាំនោះ គឺនៅតំបន់អឺរ៉ុបដូចគ្នា ហើយកីឡាករម្នាក់នោះត្រូវមានអាយុចន្លោះពី១៦ទៅ១៨ឆ្នាំ។ ខណៈដែលក្លឹបទិញនោះ ត្រូវធានាការស្នាក់នៅ រៀនសូត្រ និងផ្គត់ផ្គង់គ្រប់បែបយ៉ាង។
៣. កីឡាករ នៅចម្ងាយតែ១០០គីឡូម៉ែត្រពីក្លឹបប៉ុណ្ណោះ

ដោយឡែកហេតុផលដែល FIFA ពិន័យក្លឹប Real Madrid និង Atletico Madrid នោះ គឺដោយសារតែរកឃើញថា Real បានប្រើកីឡាករក្រោមអាយុ១៨ឆ្នាំចន្លោះពីឆ្នាំ ២០០៥ ដល់២០១៤ ចំណែកឯ AT Madrid វិញចន្លោះឆ្នាំ២០០៧ ដល់២០១៤ដូចគ្នា៕

មតិយោបល់