ភ្នំពេញៈ ប្រជាពលរដ្ឋចំនួន៧១គ្រួសារ មកពីភូមិកាកាប ភូមិស្លែងមានជ័យ ភូមិប្រាសាទ ភូមិស្វាយ ក្នុងឃុំឈ្វាំង និងភូមិស្លែង ក្នុងឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ បានមកជួបជុំនៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង ដើម្បីនាំញត្តិមកដាក់នៅក្រសួង ដើម្ពីសុំជួយអន្តរាគមណ៍ និងសុំប័ណ្ណកម្មសិទ្ធគ្រប់គ្រងដីរៀងៗខ្លួន។
នៅក្នុងញត្តិដាក់ជូនលោក ជា សុផារ៉ា ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណងបានសរសេរថា “ដីស្រែចំនួន១៥៥ហិកតា ដែលស្ថិតនៅភូមិខាងលើ ពួកគាត់បានរុករានកាន់កាប់ និងបង្កបង្កើនផល ស្រែ ចម្ការ ជាលក្ខណៈគ្រួសារ តាំងពីចន្លោះឆ្នាំ១៩៨២-១៩៨៣ រហូតដល់ឆ្នាំ១៩៩៦-១៩៩៧ មានការគៀងគរពីអាជ្ញាធរមូលដ្ឋានលក់ដីទាំងនោះ ក្រោមហេតុផលទិញទុកសម្រាប់ជាជម្រកត្រី និងទុកឲ្យសត្វព្រៃរស់នៅ។ ពេលនោះក៏មានអ្នកលក់ និងមិនលក់ អ្នកលក់បានទទួលលុយកក់ពី៦ទៅ១០០ដុល្លារទៅតាមទំហំដី តែពួកគាត់នៅបន្តធ្វើការបង្កបង្កើនផលជាធម្មតារហូតដល់ពេលបច្ចុប្បន្ន”។
ញត្តិនោះបានបន្តថា នៅឆ្នាំ២០០៦ ស្រាប់តែមានក្រុមហ៊ុនសុរាគាខ្មែរ (SKD) របស់លោកស្រី លឹម គា និងឡាយ ហៀង បាននាំគ្រឿងចក្រមកកាយទំនប់ព័ន្ធយកដីរបស់ពលរដ្ឋទាំងអ្នកលក់ និងអ្នកមិនលក់ផងដែរ។ ចាប់ពីពេលនោះក៏មានផ្ទុះការតវាពីអ្នកមិនលក់ និងអ្នកទទួលលុយកក់ ដោយរារាំងមិនឲ្យធ្វើសកម្មភាព និងបានប្តឹងទៅកាន់អាជ្ញាធរសុំជួយអន្តរាគមន៍ និងដោះស្រាយតែត្រូវបានបដិសេធន៍ពីអាជ្ញាធរ និង ក្រុមហ៊ុន ពួកគាត់បន្តប្តឹងទៅកាន់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់រហូតសុំអន្តរាគន៍ពីសម្តេច នាយករដ្ឋមន្រ្តី ហើយបានចេញសជណលេខ១៥៥២ខន\០៧ចុះថ្ងៃទី០១ វិច្ឆិកាឆ្នាំ២០០៧ ឲ្យសាលាខេត្តធ្វើការដោះស្រាយ។
យ៉ាងនេះក៏ដោយ ប្រជាពលរដ្ឋលោក គុយ ចាន់ថន បានឲ្យដឹងថា មកដល់ពេលនេះអាជ្ញាធរពុំបានដោះស្រាយ ឲ្យបានដាច់ស្រេចជូនពលរដ្ឋទាំងនោះទេ គឺទុករឿងរហូតដល់ពេលនេះ ។ ពួកគាត់បានសុំឲ្យក្រសួងដែនដីផ្តល់ប័ណ្ណកម្មសិទ្ធជូនពួកគាត់ឲ្យបានឆាប់ៗ ដើម្បីពួកគាត់បន្តធ្វើការបង្កបង្កើនផលចិញ្ចឹមជីវភាពគ្រួសារដូចដើមវិញ។
លោក ចាន់ រ៉ា មន្រ្តីទទួលពាក្យបណ្តឹងរបស់ក្រសួងដែនដី នគរួបនីយកម្ម និងសំណង់ បានចេញមកទទួលញត្តិពីពលរដ្ឋ ហើយបានប្រាប់ថា នឹងដាក់ជូនថ្នាក់លើពិនិត្យ ហើយនឹងចាត់បញ្ជូនមន្រ្តីជំនាញទៅសិក្សា អង្កេតលើដីធ្លីទំនាស់ទាំងនោះ ដើម្បីដោះស្រាយដោយយុត្តិធម៌ជូនប្រជាពលរដ្ឋក៏ដូចជាក្រុមហ៊ុននៅពេលឆាប់ៗខាងមុខនេះ។
ចំណែកភាគីក្រុមហ៊ុនលោកស្រី លឹម គា ពុំអាចសុំការបំភ្លឺតាមទូរស័ព្ទបានទេនៅថ្ងៃនេះ។ ប៉ុន្តែយ៉ាងណាគេដឹងថា រយៈពេលកន្លងមក លោកស្រី លឹម គា ធ្លាប់បានចុះទៅជួបជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ នៅឃុំពញាពន់ ដើម្បីដោះស្រាយបញ្ហាទំនាស់ដីធ្លីនេះ ហើយមានប្រជាជនមួយចំនួនបានទទួលយកដំណោះស្រាយ និងមួយចំនួនទៀតមិនទទួលដកការដោះស្រាយនោះ គឺទាមទារយកដីមកកាន់កាប់ ដើម្បីបង្កបង្កើនផល៕
មតិយោបល់