ភ្នំពេញៈ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកស្រី ហ៊ុន គឹមឡេង ព្រមទាំងបុត្រី រួមនិងនាយ នាយរងនគរបាលជាតិ ក្រោមឱវាទ និងពុទ្ធបរិស័ទ បានធ្វើបទនមស្សការព្រះរតនត្រ័យ សមាទានសីល រាប់បាត្រដារឆ្លងបង្សុកូល វេរភត្តាហារប្រគេនព្រះសង្ឈ នៃពិធីបុណ្យកាន់បិណ្ឌ ប្រពៃណីខ្មែរ នៅវត្តបុទុមវត្តី ស្ថិតក្នុងខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦នេះ ត្រូវជាវេនកាន់បិណ្ឌថ្ងៃទី៣ ដើម្បីឧទ្ទិសមគ្គផលជូនដល់បុព្វការីជន និងនាយ នាយរង ពលនគរបាល ដែលបានពលី ពិសេសដើម្បីចូលរួមលើកស្ទួយ និងគោរពដល់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
នៅក្នុងពីធីកាន់បិណ្ឌនោះដែរ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកស្រី ហ៊ុន គឹមឡេង ព្រមទាំងបុត្រី បាននាំយកនូវទេយ្យទានទៅប្រគេនព្រះសង្ឃ នៅទីនោះរួមមាន ៖ អង្គរ ២០០គីឡូក្រាម, ស្ករស ២៥គីឡូក្រាម, តែ ២០គីឡូក្រាម, ទឹកក្រូច ២០កេស, ទឹកបរិសុទ្ធអូរ៉ាល់ ២០កេស, មី ២៤កេសតូច, ត្រីខកំប៉ុង ៤កេសធំ, ប្រគេនសម្តេចសង្ឈបច្ច័យ ២.០០០.០០០រៀល និងសាដក១, ប្រគេនព្រះសង្ឈ ៣១អង្គ ក្នុង១អង្គ បច្ច័យ ៤០.០០០រៀល និងសាដក១, ប្រគេនបច្ច័យសម្រាប់កសាងវត្ត ១០.០០០.០០០រៀល, ប្រគេនសម្តេចសង្ឈបច្ច័យ ១០.០០០.០០០រៀល និងអង្ករ ៥តោន ដើម្បីជួយសម្រួលដល់ការស្នាក់នៅរបស់សិស្ស-និស្សិត, ប្រគេនព្រះសង្ឈទេសនាបច្ច័យ ១.០០០.០០០រៀល សាដក១ ទឹកសុទ្ធ ២កេស ទឹកក្រូច ១កេស, ជូនលោកអាចារ្យ និងគណៈកម្មការវត្ត ២នាក់ ក្នុងម្នាក់បច្ច័យ ៥០.០០០រៀល, ជូនតាជី យាយជី ៣០នាក់ ក្នុងម្នាក់ បច្ច័យ ២០.០០០រៀល។
សូមបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យដ៏ធំមួយក្នុងចំណោមពិធីបុណ្យធំៗផ្សេងទៀត ដែលប្រជាជនកម្ពុជា ប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ ពិធីបុណ្យភ្ជុំបិណ្ឌតែងតែប្រារព្ធធ្វើរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃ១ រោច ខែភទ្របទ រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលពិធីបុណ្យនេះគេចាត់ទុកថា ជាពិធីបុណ្យគោរពវិញ្ញាណក្ខន្ធ និងការឧទ្ទិសមគ្គផលជូនដល់បុព្វការីជនដែលបានចែកឋានទៅហើយឲ្យបានទទួលព្រមទាំងបានរួចផុតពីបាបកម្មទាំងឡាយផងដែរ៕
មតិយោបល់