ព័ត៌មានជាតិ

ប្រធានព្រឹទ្ធសភាកម្ពុជា ស្នើឲ្យទូតជប៉ុនចប់អាណត្តិបន្តជំរុញកិច្ចសហប្រតិបត្តិការ

ភ្នំពេញៈ សម្តេចប្រធានព្រឹទ្ធសភាបានវាយតម្លៃថា ក្នុងអាណត្តិបេសកកម្មរបស់លោកគូម៉ាម៉ារូ យូជិ ឯកអគ្គរាជទូតនៅកម្ពុជារយៈពេល៣ឆ្នាំមកនេះ បានធ្វើឲ្យកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អរវាងប្រជាជននិងប្រទេសទាំងពីរកាន់តែរីកចម្រើន ប្រកបដោយលទ្ធផលល្អប្រសើ សមិទ្ធផលធំៗចំនួនបី គឺការតម្លើងកម្រិតទំនាក់ទំនងកម្ពុជា-ជប៉ុន ទៅជាដៃគូយុទ្ធសាស្រ្តតាំងពីខែធ្នូឆ្នាំ២០១៣ ការសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានហ្សឹបាសាឆ្នាំ២០១៥ និងការហោះហើរត្រង់ពីទីក្រុងតូក្យូមកទីក្រុងភ្នំពេញរបស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA កាលពីពេលកន្លងទៅថ្មីនេះ ជាស្នាដៃដ៏ល្អនិងឆ្លុះបញ្ចាំឲ្យឃើញកាន់តែច្បាស់អំពីនិមិត្តរូបនៃចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា-ជប៉ុន។

ការថ្លែងបែបនេះបានធ្វើឡើងនៅថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០១៦ ខណៈសម្តេចប្រធានព្រឹទ្ធសភា បានអនុញ្ញាតឲ្យលោក គូម៉ាម៉ារូ យូជិ (YUJI KUMAMARU) ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា។

បើតាមនាយកដ្ឋានព័ត៌មានបានឲ្យដឹងថា ក្នុងជំនួបនេះដែរ សម្តេចវិបុលសេនាភក្តី បានមានប្រសាសន៍ថា ក្នុងនាមព្រឹទ្ធសភានិងក្នុងនាមសម្តេចផ្ទាល់ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃបេសកកម្មការទូតរបស់លោកឯកអគ្គរាជទូត នៅព្រះរាជាណាចក្រកម្ពុជា ដែលបានរួមចំណែកពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការរវាងស្ថាប័នព្រឹទ្ធសភាទាំងពីរ។

លោក គូម៉ាម៉ារូ យូជិ បានថ្លែងអំណរគុណ ចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាលពេលវេលាដ៏មានតម្លៃ អនុញ្ញាតឲ្យលោកចូលជួបសម្តែងការគួរសម និងជម្រាបលានាពេលនេះ។

លោកឯកអគ្គរាជទូតបានកត់សម្គាល់ថា ក្នុងអំឡុងពេលបេសកកម្មការទូតរបស់លោកនៅកម្ពុជា ទទួលបានជោគជ័យក៏ដោយសារមានការគាំទ្រពីសម្តេចប្រធាន ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងគ្រប់ស្ថាប័នជាតិ ដែលជំរុញឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុនមានការរីកចម្រើន ជាពិសេសមានការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់គ្រប់កម្រិតទៅវិញទៅមក និងធ្វើឲ្យកម្ពុជា បានក្លាយទៅជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេសជប៉ុន។

លោកក៏បានជម្រាបជូនសម្តេចថា ក្នុងរយៈពេល៧ខែនៃឆ្នាំ២០១៦កន្លងមកនេះ ទំនាក់ទំនងកម្ពុជា-ជប៉ុន កាន់តែរីកចម្រើន និងកាន់តែសកម្មទាំង វិស័យរដ្ឋ និងវិស័យឯកជន ហើយប្រជាជនជប៉ុនដែលមករស់នៅកម្ពុជា និងអ្នកទេសចរជប៉ុន មានកាន់តែច្រើនឡើង។ ដោយឡែកការហោះហើរត្រង់ជារៀងរាល់ថ្ងៃពីទីក្រុងតូក្យូ មករាជធានីភ្នំពេញ របស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA ដែលចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ កន្លងមកនេះ នឹងកាន់តែជំរុញឲ្យមានការផ្លាស់ប្តូរទំនាក់ទំនងទាំងវិស័យរដ្ឋ និងវិស័យឯកជន មានការកើនឡើងគួរឲ្យកត់សម្គាល់។

សម្តេចក៏បានអំពាវនាវថា ទោះបីលោកបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ទៅបំពេញបេសកកម្មនៅកន្លែងថ្មីក៏ដោយ សូមបន្តជួយជំរុញឲ្យមានកំណើនវិនិយោគ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងអ្នកទេសចរជប៉ុន មកកម្ពុជាឲ្យបានកាន់តែច្រើនថែមទៀត ជាពិសេសឲ្យមានការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែរីកចម្រើនឡើងថែមទៀត។

សម្តេចបញ្ជាក់ថា កម្ពុជាកំពុងស្ថិតនៅក្នុងដំណើរការចុះឈ្មោះបោះឆ្នោត ដែលមានរយៈពេល៣ខែ ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០១៦។ ដំណើរការចុះឈ្មោះបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន។ មកដល់ពេលនេះទូទាំងប្រទេស មានប្រជាជនទៅចុះឈ្មោះបោះឆ្នោតជាង២លានបួនសែននាក់ក្នុងចំណោមអ្នកត្រូវចុះឈ្មោះចំនួនជាង៩លាន៦សែននាក់ ដូចឆ្នេះ ពេលវេលានៃការចុះឈ្មោះបោះឆ្នោតនៅមានរយៈពេល៧៣ថ្ងៃទៀត សម្តេចសង្ឃឹមថា ប្រជាពលរដ្ឋមានពេលវេលាគ្រប់គ្រាន់ទៅចុះឈ្មោះបោះឆ្នោតបានគ្រប់ៗគ្នា។ គណៈកម្មការជាតិរៀបចំការបោះឆ្នោតក៏ដូចជារាជរដ្ឋាភិបាលដែរ ខិតខំធ្វើយ៉ាងណាឲ្យដំណើរការចុះឈ្មោះបោះឆ្នោតប្រព្រឹត្តទៅដោយរលូន និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០១៨ខាងមុខ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងទទួលយកបាន៕

photo_2016-09-19_15-18-42photo_2016-09-19_15-18-34photo_2016-09-19_15-18-36photo_2016-09-19_15-18-39

មតិយោបល់