ព័ត៌មានជាតិ

វុងតាវជាតំបន់ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍

វៀតណាមៈ វុងតាវជាតំបន់ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ ជាប់មាត់សមុទ្រដ៏មានប្រជាប្រិយភាព និងទាក់ទាញដ៏ធំមួយ ហើយក៏ជាតំបន់​មួយដែលកំពុងមានការប្រកួតប្រជែងជាមួយតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍សំខាន់ៗជាច្រើនទៀតនៅប្រទេសវៀតណាម។

កញា សុខ ស្រីទូច លេខាក្រុមហ៊ុនទេសចរណ៍ឥណ្ឌូឆាយណា ហែរីធេក ត្រាវែល បានឲ្យដឹងកាលពីថ្ងៃទី១៨ ខែកញ្ញា ក្នុងដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌​មាន​ទៅកាន់ទីក្រុងវុងតាវថា តំបន់ជានេះកំពង់មានការអភិវឌ្ឍន៍ខ្លាំងណាស់ លើវិស័យដឹកជញ្ជូន ពាណិជ្ជកម្ម ទេសចរណ៍ និងជាតំបន់ប្រេងកាតរបស់ទីក្រុងហូជីមិញ។ ប្រជា​ជននៅក្នុងតំបន់នេះភាគច្រើនគឺជាអ្នកជំនួញ អ្នកនេសាទ អាជីវកម្មទេសចរណ៍ និងមួយផ្នែកជាទៀតប្រកបរបរកសិកម្ម។

កញាបន្តថា ដោយមើលឃើញពីការរីកចម្រើន និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សដូចនេះ បានជាក្រុមហ៊ុនទេសចរណ៍ឥណ្ឌូឆាយណា ហែរីធេក ត្រាវែល មានកិច្ចសហ​ប្រតិបត្តិការជាមួយដៃគូរ ក្នុងប្រទេសវៀតណាម ដូចជាមន្ទីពេទ្យអន្តរជាតិ ភុកអានខាង និងដៃគូរដទៃទៀត ដើម្បីបង្កើតកញ្ចប់ទេសចរណ៍សុខាភិបាល ទេសចរណ៍ ក៏ដូចជា​កម្មវិធីប្រតិភូរបស់រដ្ឋាភិបាលសម្រាប់ប្រជាជន និងប្រទេសក្នុងតំបន់ ពិសេសរវាងប្រជាជនកម្ពុជានិងវៀតណាម។

ស្រីទូចបន្តថា «ក្រៅពីកញ្ចប់ទេសចរមកប្រទេសវៀតណាម ក៏មានកញ្ចប់ទេសចរទៅកាន់ប្រទេសជាច្រើនទៀតនៅលើពិភពលោក ដូចជា បារាំង អូស្រ្តាលី ចិន ជប៉ុន កូរ៉េ ថៃ ម៉ាឡេស៊ី និងប្រទេសនៅប៉ែកអឺរ៉ុបផងដែរ ។ តាមរយៈដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌មានលើកនេះ រំពឹងថានឹងមានប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើនធ្វើដំ​ណើរ​មកកំសាន្ត និងស្វែងរកសេវាសុខភាពល្អៗ មកវិនិយោគ ឬធ្វើជំនួញផ្សេងៗជាមួយដៃគូរនៅក្នុងប្រទេស»។

លោក វ៉ាន់ធី សុមុន្នី មន្រ្តីក្រសួងពាណិជ្ជកម្ម ដែលបានរួមដំណើរទៅទស្សនកិច្ចជាមួយកញ្ចប់ទេសចរណ៍នោះដែរបានលើកឡើងថា កញ្ចប់ទេសចរណ៍របស់ក្រុមហ៊ុន​នេះល្អ ម៉្យាងការដើរទេសចរនៅក្នុងប្រទេសជិតខាង គឺបានស្វែងយល់ពីសក្កដានុពល វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងចរន្តសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ ពីគ្នាទៅវិញទៅមក លើសពីនេះក៏អាចស្វែងរកឱកាសចាប់ដៃគូរធ្វើពាណិជ្ជកម្ម ឬ វិនិយោគលើវិស័យផ្សេងៗរបស់ប្រទេសនីមួយៗ។ យ៉ាងណាលោកថា ក្រុមទេសចរណ៍នី​មួយៗត្រូវតែបង្កើនសេវាកម្ម បដិសណ្ឋារកិច្ច និងអាហារកិច្ចឲ្យបានកាន់តែប្រសើរថែមទៀត ដើម្បីស្រូបយកអតិថិជន និងភ្ញៀវទេសចរណ៍ បានកាន់តែច្រើន។

សូមបញ្ជាក់ថា តំបន់សេដ្ឋកិច្ច វុងតាវ ជាតំបន់ជាប់មាត់សមុទ្រ ដែលមានសក្កដានុពល លើផ្នែកសេវាកម្មដឹកជញ្ជូនតាមផ្លូវទឹក ពាណិជ្ជកម្ម ទេសចរណ៍ និងការជីកយក​ប្រេង​កាតនៅបាតសមុទ្រ ។ វុងតាវមានចំងាយផ្លូវប្រមាណជាង៩៩គីឡូម៉ែត្រពីទីក្រុងហូជីមិញ មានផ្ទៃដីទំហំ១៩៨៧គីឡូម៉ែត្រការ៉េ មានប្រជាជនរស់នៅប្រមាណ​ជាង១លាននាក់ ពួកគេភាគច្រើនប្រកបរបរនេសាទនិងទេសចរណ៍ ប្រជាជនមានជីវភាពល្អប្រសើរ ៕

វុងតាវវុងតាវវុងតាវវុងតាវវុងតាវវុងតាវវុងតាវវុងតាវវុងតាវ

មតិយោបល់