ព័ត៌មានជាតិ

ជនជាតិស្វីសម្នាក់ដេកស្លាប់ក្នុងសណ្ឋាគារ Riverside

ភ្នំពេញៈ បុរសជនជាតិស្វីសម្នាក់ ត្រូវបានគេប្រទេះឃើញដេកស្លាប់នៅបន្ទប់សណ្ឋាគារយីហោ រីវ័រសាយ (Riverside) ដែលគេសង្ស័យអាចមកពីការប្រើប្រាស់គ្រឿងញៀនលើសកម្រិត ទើបបណ្តាលឲ្យគាំងបេះដូងស្លាប់កាលពីវេលាម៉ោង១និង៤៥នាទីរសៀលថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០១៦នៅបន្ទប់លេខ២០២ជាន់ទី២ នៅទីតាំង០១Eo ផ្លូវលេខ១៤៤ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញរាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនបរទេសដែលគាំងបេះដូងស្លាប់នោះឈ្មោះ Hammer Balurs ជនជាតិស្វីស មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខX០៤២០៩៧។

យោងតាមការបំភ្លឺពីឈ្មោះ សួង ចាន់រដ្ឋា មុខរបរអ្នកទទួលភ្ញៀវបានប្រាប់សមត្ថកិច្ចថា ជនរងគ្រោះបានមកជួលបន្ទប់លេខ២០២ ជាន់ទី២ ស្នាក់នៅកាលពីថ្ងៃទី១២ ខែកញ្ញា មកម្ល៉េះ ដោយចេញចូលសណ្ឋាគារជាធម្មតាលុះដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ មិនឃើញជនរងគ្រោះចុះមកក្រោម ក៏ឡើងទៅគោះបន្ទប់តែមិនមានការឆ្លើយតប ម្យ៉ាវិញបន្ទប់នោះជាប់សោខាងក្នុង ទើបសម្រេចបើកទ្វារមើល ក៏ឃើញជនរងគ្រោះដេកស្លាប់លើគ្រែពូកដោយជើងស្តាំធ្លាក់មកលើឥដ្ឋហើយ ក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានតែម្តង។

ដោយឆ្លងតាមការត្រួតពិនិត្យរបស់លោកឧញ្ញាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យសាលាដំបូងរាជធានីភ្នំពេញ និងនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង។

បច្ចុប្បន្នសពបានបញ្ជូនទៅតម្កល់នៅវត្តស្ទឹងមានជ័យ ដើម្បីរង់ចាំក្រុមគ្រួសាមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់