កំពង់ស្ពឺៈ មន្ត្រីនៃមន្ទីរសុខាភិបាល ខេត្តកំពង់ស្ពឺ បើកយុទ្ធនាការបាញ់កម្ចាត់មូសខ្លាការពារជំងឺហ្សីកា គ្រុនឈាម និងជំងឺគ្រុនឈាម ក្នុងរដូវវស្សានេះ នៅតាមបណ្តាបរិវេណសាលារៀន មន្ទីរពេទ្យ វត្តអារាម និងតាមទីសាធារណៈនានា សង្កាត់ទាំង ៥ ក្នុងក្រុងច្បារមន ដោយចាប់ផ្តើមពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦នេះ ព្រមទាំងបន្តតាមស្រុក ឃុំ និងភូមិ ផ្សេងៗទៀតទូទាំងខេត្តកំពង់ស្ពឺ ។
ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ លោកវេជ្ជបណ្ឌិត អោម វ៉ាន់ថេន បានឲ្យដឹងថា យុទ្ធនាការបាញ់ថ្នាំកម្ចាត់មូលខ្លានេះ បានធ្វើឡើងជារៀងរាល់ឆ្នាំ ចន្លោះពីខែមិនា រហូតមកដល់ខែតុលា ដែលជារដូវភ្លៀងធ្លាក់ និងសម្បូរមូសខ្លា ហើយក៏មានការចុះអប់រំណែនាំដល់ប្រជាពលរដ្ឋឲ្យយល់ដឹងពីបញ្ហាសុខភាព អនាម័យក្នុងការរស់នៅប្រចាំថ្ងៃ ផងដែរ ។ លោកបន្តថា ក្នុងយុទ្ធនាការបើកការបាញ់ថ្នាំសម្លាប់មូសខ្លានោះ ក៏បានដាក់ថ្នាំអាល់បែតក្នុងពាងទឹកឲ្យប្រជាពលរដ្ឋដើម្បីសម្លាប់ដង្កូវទឹកដែលជាប្រភពនៃមូលខ្លា ។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា មូសខ្លា ជាប្រភពចំលងជំងឺគ្រុនឈាម គ្រុនឈិក និងជំងឺថ្មីមួយទៀត ដែលដងតាមរយៈមូសខ្លានេះខាំដែរ គឺជំងឺហ្ស៊ីកា ដែលកំពុងកើតមានក្នុងប្រទេសមួយចំនួន ហើយកំពុងឆ្លងដល់ជិតខាងនៃប្រទេសកម្ពុជាទៀតផង ។ ក្នុងនោះ ប្រទេសកម្ពុជាយើងមិនទាន់រកឃើញមានករណីអ្នកជំងឺ ហ្ស៊ីកា ណាម្នាក់នៅឡើយ ទើបក្រសួងសុខាភិបាលមានវិធានការរឹតបណ្តឹងការត្រួតពិនិត្យតាមច្រកព្រំដែន នៃប្រទេសជិតខាង ព្រលានយន្តហោះ និងកន្លែងសំខាន់ជាច្រើនទៀត ដើម្បីទប់ស្កាត់ជំងឺហ្សីកានេះ ។
ផលប៉ះពាល់របស់ ជំងឺហ្ស៊ីកា អាចបំផ្លាញប្រព័ន្ធប្រសាទកុមារឲ្យខុសប្រក្រតី ស្ត្រីមានផ្ទៃពោះ ប៉ុន្តែជំងឺហ្ស៊ីកាស្រាលជាងគ្រុនឈាម បើសិនស្ត្រីមានគភ៌ដែលមានផ្ទុកមេរោគហ្ស៊ីកា ឬកើតជំងឺហ្ស៊ីកា គឺអាចបណ្ដាលឲ្យទារកកើត មកមានក្បាលតូចខុសធម្មតា និងមានប្រព័ន្ធសរសៃប្រសាទខុសប្រក្រតី ។ បើសិនក្នុងករណីសង្ស័យមានជំងឺហ្ស៊ីកា ត្រូវអញ្ជើញទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីឲ្យគ្រូពេទ្យធ្វើតេស្តឈាមរកមេរោគ ហ្ស៊ីកា និងមេរោគ ដ៏ទៃទៀត ដែលបង្កឲ្យក្តៅខ្លួន ។
នាយកដ្ឋានប្រយុទ្ធ នឹងជំងឺឆ្លង CDC នៃក្រសួងសុខាភិបាល បានបញ្ជាក់ថា វីរុសហ្ស៊ីកា ឆ្លងតាមរយៈមូសខ្លាខាំ ហើយជំងឺនេះកំពុងផ្ទុះឡើងនៅប្រេស៊ីល និងបន្តរាតត្បាតរហូតដល់ជាង ២០ប្រទេសជិតខាង និងមិនទាន់ថ្នាំ និងវ៉ាក់សាំងដើម្បីការពារនៅឡើតយទេ ។ ចំពោះរោងសញ្ញាក្តៅខ្លួនស្រាល ឈឺក្បាល ឈឺសន្លាក់ មានកន្ទួលក្រហមលើស្បែក ភ្នែកឡើងក្រហម និងអាចបាត់ទៅវិញក្នុងរយៈពេល ២ ទៅ ៧ថ្ងៃក្រោយ នឹងមានហានិភ័យខ្ពស់គ្រោះថ្នាក់បំផុតលើស្ត្រីមានផ្ទៃពោះ ។
សូមរំលឹកថា វីរុសហ្ស៊ីកា រកឃើញដំបូងនៅលើសត្វស្វាក្នុងឆ្នាំ១៩៤៧ និងលើមនុស្ស ក្នុងឆ្នាំ១៩៥២ នៅប្រទេស Uganda និង Tanzania នៃទ្វីបអាហ្វ្រិក បន្ទាប់មកជំងឺ នេះមានការ ផ្ទុះឡើងជារប៉េះរប៉ោះ នៅទ្វីបអាហ្វ្រិក អាមេរិក និង អាស៊ីប៉ាស៊ីហ្វិក រហូតដល់បច្ចុប្បន្ននេះ វីរុសហ្ស៊ីកា កំពុងរាតត្បាតនៅប្រទេសក្នុងតំបន់អាមេរិក ខាងត្បូងនិងកណ្តាល ។ នៅប្រទេសយើងចាប់ពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១០ រកឃើញហ្ស៊ីកា ចំនួន៧ករណី សុទ្ធតែជាសះស្បើយ និងពុំរកឃើញមានកុមារមានក្បាលតូចទេដល់ឆ្នាំ២០១៦នេះ មិនទាន់រកឃើញទេ ហើយមេរោគ ហ្ស៊ីកាដែលកើតមាននោះ ជាមេរោគក្នុងស្រុក មិនមែននាំចូលពីប្រទេសទ្វីបអាមេរិកទេ ៕
មតិយោបល់