ភ្នំពេញៈ ប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ច្រកជ្រៃធំ ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល បានសម្ដែងក្ដីបារម្ភជុំវិញករណីបាក់ដីច្រាំងទន្លេរបស់កម្ពុជា ខណៈខាងវៀតណាម ដីទន្លេកាន់តែដុះ ដោយប្រជាជនសង់លំនៅដ្ឋានរឹងមាំកាន់តែច្រើនស្របតាមបន្ទាត់ព្រំដែន។
យ៉ាងណាមិញ ករណីបាក់ដីច្រាំងទន្លេរបស់កម្ពុជា ដែលមានទាំងផ្លូវធ្វើដំណើរឆ្លងកាត់ផងនោះ អាជ្ញាធរបានអះអាងថា បណ្ដាលមកពីផ្ទះបែចិញ្ចឹមត្រីនៅលើទឹកតាមដងទន្លេប៊ិនយ៉ី របស់ប្រជាជនវៀតណាម ជាដើមចមធ្វើឲ្យមានការបាក់ស្រុតនេះ។
ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល បានសម្ដែងក្ដីបារម្ភយ៉ាងខ្លាំង ចំពោះការខ្លាចបាត់បង់ទឹកដីកំណើតរបស់ខ្លួនទៅឲ្យបរទេស ខណៈដែលដីច្រាំង និងផ្លូវស្របតាមបន្ទាត់ព្រំដែនច្រកជ្រៃធំ កម្ពុជា ឈមនឹងច្រកខ្នាតាំងយូ វៀតណាម កាន់តែបាក់ចូលទៅក្នុងទន្លេពីមួយឆ្នាំទៅមួយឆ្នាំ។ ពលរដ្ឋលើកឡើងថា ផ្លូវក្រាលគ្រួសក្រហមស្របតាមបណ្ដោយដងទន្លេជ្រៃធំ (ឬទន្លេប៊ិនយ៉ី-ឈ្មោះវៀតណាម) ដែលពួកគាត់តែងតែអាស្រ័យផលរាប់សិបឆ្នាំ សម្រាប់ដឹកជញ្ជូនកសិផលដោយធ្វើដំណើរតាមរថយន្ត ឬម៉ូតូនោះ រហូតមកទល់នឹងពេលនេះបានបាក់ចូលទៅក្នុងទន្លេស្ទើរអស់ទាំងស្រុងទៅហើយ ហើយកន្លែងមួយចំនួនដើរមិនចង់កើតផង កុំថាឡើយដល់ជិះរថយន្ត ឬម៉ូតូដូចពីមុន៕













មតិយោបល់