ព័ត៌មានជាតិ

អភិបាលខណ្ឌសែនសុខ ដឹកនាំមន្ត្រីនិងប្រជាពលរដ្ឋក្នុងមូលដ្ឋានមកកាន់បិណ្ឌទី៧ នៅវត្តសំរោងអណ្តែត

ភ្នំពេញៈ លោក ប៉ុល កុសល អភិបាលនៃគណៈអភិបាល ខណ្ឌសែនសុខ បានអញ្ជើញដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន មកចូលរួមធ្វើបុណ្យកាន់បិណ្ឌដាក់បាទ នៅវត្តសំរោងអណ្តែត កាលពីល្ងាចថ្ងៃទី២២ ហើយនិងបន្តធ្វើពិធីប្រគេនចង្ហាន់ដល់ព្រះសង្ឃ និងរាប់បាត្រនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ដែលជាវេនកាន់បិណ្ឌថ្ងៃទី៧ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិដ៏សំខាន់ របស់ប្រជាពលរដ្ឋខ្មែរ ដែលកាន់សាសនាព្រះពុទ្ធ និងជាសាសនារបស់រដ្ឋ។ នេះជាវត្តទី២ហើយ ដែលដើមសប្តាហ៍មុនលោកបានធ្វើនៅវត្តឃ្មួញ។

ក្រុមអ្នកចូលរួមក្នុងពិធីបុណ្យនេះ បាននាំយកនូវទេយ្យទានបម្រុងផ្សេងៗ និងនាំគ្នារៃអង្គាសបច្ច័យដោយសទ្ធាជ្រះថ្លារៀងៗខ្លួន យកមកប្រគេនថ្វាយដល់ព្រះចៅអធិការវត្ត ដែលជាតំណាងប្រធានសង្ឃគ្រប់គ្រងក្នុងវត្តនេះ។

សម្ភារៈនិងទេយ្យវត្ថុ ដែលត្រូវបានយកមកប្រគេន ព្រះសង្ឃនៅពេលនោះរួមមាន ៖ បច្ច័យចំនួន១៥០០០០០រៀល (១លាន៥សែនរៀល) អង្ករ២បាវទម្ងន់១០០គីឡូក្រាម មី១កេសធំ ទឹកដោះគោ១កេសធំ ស្ករស២៥គីឡូក្រាម ត្រីខ១កេសធំទឹកក្រូច៥កេស ទឹកបរិសុទ្ធ១៥យួរ។

តាមទំនៀមទម្លាប់បុណ្យភ្ជុំបិណ្ឌ បានចាប់ផ្តើមធ្វើនៅថ្ងៃ១រោជ ខែភទ្របទដល់ថ្ងៃ១៤រោចសម្រាប់ពិធីកាន់បិណ្ឌវេនទី១ដល់វេនទី១៤ ហើយនៅវេនទី១៥ ឬថ្ងៃ១៥រោច គឺជាថ្ងៃបុណ្យភ្ជុំបិណ្ឌតែម្តង។

ដូច្នេះ បុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យជាតិដ៏ធំជាងគេ និងមានសារៈសំខាន់បំផុត នៃប្រពៃណីខ្មែរ ដែលត្រូវបានគេនាំគ្នាគោរពបូជាតាំងពីដូនតាយូរណាស់មកហើយ រហូតមកដល់សព្វថ្ងៃនេះ ដែលក្នុងគោលបំណង ប្រគេនចង្ហាន់ដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសលដល់ជីដូនជីតា ឪពុកម្តាយ ឬ ប្តីប្រពន្ឋ បងប្អូនញាតិមិត្ត ដែលបានទទួលមរណភាព។

បើយោងតាមឯកសារនៃព្រះគម្ពីររបស់ព្រះពុទ្ធដែលអ្នកប្រាជ្ញខាងព្រះពុទ្ឋសាសនា បានកត់ត្រាចម្លងទុកជាឯកសារសម្រាប់ឲ្យមនុស្សជំនាន់ក្រោយៗ នាំគ្នាប្រតិបត្តិតរៀងមក លតាមការវិភាគពិធីបុណ្យនេះ មានអត្ថប្រយោជន៍ច្រើនដល់ព្រះសង្ឃដែលជាសេនាធិការរបស់ព្រះសម្មាសម្ពុទ្ធ បានទទួលចង្ហាន់គ្រប់គ្រាន់ផងព្រោះ រដូវនេះជារដូវភ្លៀង ព្រះសង្ឃមិនអាចនិមន្តបិណ្ឌបាត្រចង្ហាន់តាមភូមិបាន និងដើម្បីរំលឹកគុណដល់សមាជិកក្រុមគ្រួសារដែលបានស្លាប់ទៅហើយផងដែរ។

ការចូលរួមដឹកនាំមន្ត្រីរាជការក្រុមគ្រួសារ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានមកធ្វើបុណ្យជាតិតាមប្រពៃណីជាតិនេះ គឺដើម្បីចូលរួមលើកស្ទួយ ក្នុងវិស័យព្រះពុទ្ធសាសនា នៃយើងឲ្យកាន់តែរីកចម្រើន និងជាគំរូដ៏ល្អដល់ក្មេងៗជំនាន់ក្រោយឲ្យបានដឹងនិងអនុវត្តតាមផង៕

photo_2016-09-23_14-50-56photo_2016-09-23_14-50-38photo_2016-09-23_14-50-40photo_2016-09-23_14-50-41photo_2016-09-23_14-50-43photo_2016-09-23_14-50-46photo_2016-09-23_14-50-48photo_2016-09-23_14-50-49photo_2016-09-23_14-50-52photo_2016-09-23_14-50-54

មតិយោបល់