ព័ត៌មានជាតិ

​លើកដែកប៉ះខ្សែភ្លើងឆក់សន្លប់ស្ដូកស្ដឹង

ភ្នំពេញ: បុរសជាជាងដែកម្នាក់ បានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅកាន់មន្ទីរពេទ្យ ក្រោយពេលគាត់លើកដែកផ្សាដំបូល សំណង់យានដ្ឋានជួសជុលរថយន្តមួយកន្លែងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិព្រកី (ខ) សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីម៉ោង២៖១៥នាទីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦។

ជនរងគ្រោះឈ្មោះ ដា អាយុជាង៣០ឆ្នាំ មានស្រុកកំណើតខេត្តកំពង់ស្ពឺ បច្ចុប្បន្តស្នាក់នៅ កន្លែងកើតហេតុខាងលើ មានមុខរបរជាជាងផ្សារដែក ទើបមកធ្វើការងារនៅទីនោះបានរយ:ពេលពីរថ្ងៃប៉ុណ្ណោះ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើ បុរសរងគ្រោះរូបនោះ បានលើកដែកដាក់លើដំបូលសំណង់អគារយានដ្ឋានជួសជុលរថយន្តនោះ ដែលកំពុងសាងសង់ ហើយបានប៉ះខ្សែភ្លើង បណ្ដាលឲ្យឆក់ដួលសន្លប់ស្ដូកស្ដឹង។ ភ្លាមៗនោះត្រូវបានមិត្តភក្ដិរួមការងារ និងប្រជាពលរដ្ឋនាំគ្នា ជួយសង្គ្រោះបឋមដោយយកកប់ក្នុងខ្សាច់ រហូតបានដឹងខ្លួនឡើងវិញ ទើបហៅរថយន្ត សង្គ្រោះអង្គភាព៧១១ ដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗតែម្ដង៕

//youtu.be/FVntCN55rLA

មតិយោបល់