ព័ត៌មានជាតិ

រថយន្តបើកគេចម៉ូតូ ជ្រុលទៅបុកអ្នកថ្មើរជើងរងរបួសស្រាល

បន្ទាយមានជ័យ: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តបើកគេចម៉ូតូឆ្លងផ្លូវ ជ្រុលទៅបុកអ្នថ្មើរជើង និងបន្តទៅបុកម៉ូតូ១គ្រឿងទៀតខ្ទាតទៅបុកផ្លាកស្ថានីយលក់សាំង និងរូបសំណាកកូនដំរី បណ្តាលឲ្យមនុស្សស្រីម្នាក់រងរបួសស្រាល ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងវេលាម៉ោង៧៖៤០នាទីយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ5 ត្រង់ចំណុចផ្លូវបំបែកកូនដំរីស្ថិត ក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

តាមសម្ដីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា ដំបូងមានរថយន្តមួយគ្រឿងម៉ាកតូយូតាកាមរី ពណ៌ស្លាបក្អែក ផលិតឆ្នាំ1993 ចង្កូតស្តាំ ពាក់ស្លាកលេខ សៀមរាប 2A-3868 បើកបរដោយឈ្មោះ ហាំង សុវណ្ណារិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ដឹកអ៊ីវ៉ាន់ចាប់ហ៊ួយ រស់នៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បើកបរពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូ១គ្រឿង បើកបរពីលិចទៅកើតរួចបត់ឆ្វេង ស្រាប់តែរថយន្តខាងលើគេចមកឆ្វេងដៃ ក៏ជ្រុលចង្កូតទៅបុកគម្របលូ រួចទៅបុកអ្នកថ្មើរជើងម្នាក់ឈ្មោះ ស៊ិម ស្រីនាង ភេទស្រី អាយុ២១ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅក្នុង ភូមិកៅបី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងម៉ូតូ១គ្រឿងទៀត ម៉ាកហុងដា សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1D-5801 ហើយជ្រុលទៅបុកផ្លាកស្ថានីយលក់សាំង និងរូបសំណាកកូនដំរី បណ្ដាលឲ្យផ្លាកស្ថានីយលក់សាំង ខូចខាតធ្ងន់ រូបសំណាកកូនដំរីខូចខាតធ្ងន់ ម៉ូតូមួយគ្រឿងខូចខាតធ្ងន់ និងរថយន្តខូចខាតធ្ងន់ផងដែរ។ ជនរងគ្រោះភ្លាមៗនោះ ត្រូវបានរថយន្តដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ក្រោយកើតហេតុរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់និមិត្ត យកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយ ទៅតាមនិតិវិធីច្បាប់៕

photo_2016-09-28_10-03-59

photo_2016-09-28_10-03-54

photo_2016-09-28_10-03-56

photo_2016-09-28_10-03-57

មតិយោបល់