ព័ត៌មានជាតិ

ខឹងញាក់ចិញ្ចើម និងខាំមាត់ឌឺបន្តិច ទាញដំបងវាយឲ្យបែកចិញ្ចើម ចុងក្រោយជាប់ខ្នោះ

បន្ទាយមានជ័យ: ជនសង្ស័យប្រើហិង្សា ដោយចេតនាម្នាក់ ត្រូវបានកម្លាំង អាវុធហត្ថ ខេត្តបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួន បញ្ជូនទៅតុលាការ កាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០១៦នេះ ក្រោយពីជនសង្ស័យរូបនេះ ប្រើដំបងឈើវាយលើជនរងគ្រោះ ២នាក់បងប្អូនបណ្តាលឲ្យរបួសធ្ងន់។

លោក ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា កាលពីថ្ងៃទី ២៨ ខែកញ្ញា ម្សិលមិញ នេះ កម្លាំង អាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានធ្វើការឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ ខឹម សំអាង ភេទប្រុស អាយុ ១៦ឆ្នាំ នៅចំណុចវត្តសមាធិផល ស្ថិតក្នុងភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ក្រោយនសង្ស័យរូបនេះ រួមជាមួយបក្ខពួកម្នាក់ទៀត ដែលគេចខ្លួនបាត់ បានប្រើហិង្សា យកដំបង ឈើគប់ និងវាយទៅលើជនរងគ្រោះ ២នាក់បងប្អូនបង្កើត ឈ្មោះ ហៀង ប៊ុនសៀង ភេទប្រុស អាយុ១៨ឆ្នាំ និងឈ្មោះ ហៀង ប៊ុនហេង ភេទប្រុស អាយុ១៥ឆ្នាំ បណ្តាលឲ្យរងរបួស បែកចិញ្ចើមស្តាំទាំង២នាក់។

លោក ព្រហ្ម ថេង បន្តថា ក្រោយការសាកសួរ ជនសង្ស័យបានសារភាពថា រូបគេរួមជាមួយបក្ខពួក ពិតជាបាន ធ្វើ សកម្មភាព វាយលើជនរងគ្រោះ ដូចការចោទប្រកាន់ ខាងលើពិតប្រាកដមែន ដោយសារខឹងនឹងជនរងគ្រោះ មកញាក់ចិញ្ចើម និងខាំមាត់ឌឺដាក់ពួកខ្លួន។

យោងតាមពាក្យបណ្តឹង និងវត្ថុ តាំង ព្រមទាំង ចម្លើយសារភាពរបស់ ជនសង្ស័យត្រូវ បានកម្លាំង ជំនាញ កសាង សំណុំ រឿង បញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦៕

img_7500

img_7501

មតិយោបល់