ភ្នំពេញៈ ជនសង្ស័យម្នាក់ បាននាំបក្ខពួកម្នាក់ទៀត ជិះម៉ូតូកញ្ចាស់១គ្រឿង ប្រដាប់ដោយអាវុធខ្លី១ដើម ចូលទៅធ្វើសកម្មភាពភ្ជង់គំរាមបាញ់សម្លាប់សន្ដិសុខយាមនៅមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ ហៅ មណ្ឌលព្រៃស្ពឺ ដើម្បីរំដោះស្ត្រីម្នាក់ ជាសង្សារចេញពីមណ្ឌលនេះ។ ប៉ុន្តែខណៈជនសង្ស័យបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ូលិសដេញតាមចាប់ខ្លួនបានបក្ខពួកម្នាក់ និងស្រ្តី ដែលត្រូវរំដោះចេញ ចំណែកជនសង្ស័យដែលជាសង្សារស្រ្តីនោះ បានគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២៖៤០នាទី រសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ ហៅមណ្ឌលព្រៃស្ពឺ ស្ថិតក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះ អ៊ុង រតនៈ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំត្រឡោកបែក ក្នុងខណ្ឌទួលគោក រាធានីភ្នំពេញ។ ចំណែកស្ត្រីម្នាក់ ដែលត្រូវរំដោះចេញពីមណ្ឌលឈ្មោះ គីម ស្រីពេជ្រ អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពុងស្ពឺ គឺត្រូវសមត្ថកិច្ចចាប់ខ្លួនដាក់ក្នុងមណ្ឌលព្រៃស្ពឺ កាលពី៣ថ្ងៃមុន។ រីឯជនសង្ស័យដែលរត់គេចបាត់ និងត្រូវជាសង្សារស្ត្រីនោះ ព្រមទាំងជាមេខ្លោងផងនោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
ប្រភពបន្តឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យរត់គេចខ្លួនបាត់នោះ ប្រដាប់ដោយអាវុធខ្លីប្រើហ្គាស់១ដើម បាននាំបក្ខពួកឈ្មោះ អ៊ុង រតនៈ ជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយហ្ស៊ូគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1B-6775 ទៅរំដោះស្រ្តី ដែលជាសង្សាររបស់ខ្លួន។ ខណៈពេលទៅដល់ ជនសង្ស័យបានដកកាំភ្លើងភ្ជង់គំរាមបាញ់សម្លាប់សន្តិសុខយាមនៅមណ្ឌលនោះ ហើយនាំស្ត្រីជាសង្សារជិះម៉ូតូឌុបគ្នាគេចខ្លួន ទើបបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ភ្លាមៗនោះ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បាននាំគ្នាដេញតាមរហូតដល់ម្ដុំជិតមជ្ឈមណ្ឌលពាណិជ្ជកម្ម អ៊ែតវូត ស្ថិតក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទើបចាប់ខ្លួនបានបក្ខពួកម្នាក់ និងស្រ្តីជាសង្សារ ដោយសារជនទាំងពីរផ្ដួលម៉ូតូចោល ហើយព្យាយាមរត់គេចខ្លួន ចំណែកម្នាក់ទៀត គេចខ្លួនបាត់ស្រមោល។
បច្ចុប្បន្នជនសង្ស័យទាំងពីរ និងម៉ូតូជាមធ្យោបាយធ្វើសកម្មភាពត្រូវបានចាប់បញ្ជូនទៅសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងធ្វើការស៊ើបអង្កេតស្រាវជ្រាវរកជនសង្ស័យម្នាក់ទៀត ដែលជាមេខ្លោង ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕
មតិយោបល់