ព័ត៌មានជាតិ

ខឹងម្តាយស្តីសន្ទោស រត់ចូលបន្ទប់ទឹកចងកសម្លាប់ខ្លួន

ក្រចេះ: គ្រាន់តែរឿងម្ដាយស្ដីប្រដៅឲ្យកែខ្លួនធ្វើត្រឹមត្រូវ កុំដើរលេងច្រើនពេក ជួយធ្វើការឪពុកម្ដាយផង យុវជនម្នាក់គិតខ្លីរត់ទៅចងកសម្លាប់ខ្លួន។

ហេតុការណ៍នេះបានកើត ឡើងនៅវេលាម៉ោងប្រហែល៨ព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ នៅក្នុងបន្ទប់ទឹកខាងក្រោយផ្ទះ ស្ថិតក្នុងភូមិឆ្លូង ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។

សមត្ថកិច្ចបានឲ្យដឹងថា ជនអត្តឃាតឈ្មោះ គូ សុខគង់ ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ/ឃុំកើតហេតុខាងលើ បានយកកន្សែងចងភ្ជាប់នឹងធ្នឹមបន្ទប់ទឹកចងកសម្លាប់ខ្លួន។

បើតាមការអះអាងពីសមត្ថកិច្ចនគរបាលមូលដ្ឋានបានបន្តថា មូលហេតុ គឺដោយសារយុវជនខាងលើខឹងម្តាយស្តីប្រដៅ រឿងដើរលេងមិនចូលផ្ទះ និងមិនចេះរកស៊ីចិញ្ចឹមជីវិត ហើយក៏តូចចិត្តគិតខ្លីបែបនេះ។

លោកវរសេនីយ៍ត្រី ឆុង តូរ៉ាន់ អធិការរងនគរបាលស្រុកឆ្លូងទទួលយុត្តិធម៌បានបញ្ជាក់ឲ្យដឹងថា ករណីនេះ នគរបាលជំនាញបានចុះទៅធ្វើការត្រួតពិនិត្យ ដល់កន្លែងកើតហេតុ ព្រមទាំងបានធ្វើកំណត់ហេតុ រួចប្រគល់សាកសពជូនដល់ក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

photo_2016-10-04_09-53-59photo_2016-10-04_10-10-40photo_2016-10-04_10-10-42

មតិយោបល់