ព័ត៌មានជាតិ

ក្របួចជនសង្ស័យម្នាក់ ពីបទឆបោកម៉ូតូ រួចប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវម្ចាស់ម៉ូតូក្របួចជាប់ រួចប្រគល់ឲ្យសមត្ថកិច្ច ក្រោយពីជនសង្ស័យរូបនេះ ឆបោកម៉ូតូកាលពីមុនបុណ្យភ្ជុំបិណ្ឌ នៅម្តុំស្តុបអូរបែកក្អម ផ្លូវ២៧១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីម៉ោង១២និង៣០នាទី ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦។

ជនសង្ស័យឈ្មោះ ពេញ ហេង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ បានសារភាពថា ខ្លួនពិតជាបានខ្ចី ម៉ូតូពីជនរងគ្រោះមានឈ្មោះ ព្រុយ រី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល៤A ផ្លូវលំ ភូមិព្រៃទា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅកន្លែងលក់ទឹកអំពៅ តាមផ្លូវ២៦១ ស្ថិតនៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ព្រុយ រី បានប្រាប់ដំណើររឿងថា ខ្លួនបានខ្ចីម៉ូតូស្មាស់វី ស៊េរី២០១២ ពណ៌ក្រហម ស្លាកលេខ ភព1BC-2949 ពីឈ្មោះ មឿន ធា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ ស្ថិតនៅផ្ទះជួលផ្លូវលំ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីម៉ោង៩ព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ ដែលបានមកជួបជុំគ្នានៅផ្ទះជួលក្នុងភូមិព្រៃទា ហើយក៏បានឲ្យយកម៉ូតូទៅដឹកជនសង្ស័យឈ្មោះ ពេញ ហេង និងប្រពន្ធរបស់ជនសង្ស័យមកយកលុយ បងប្អូននៅម្តុំបឹងសាឡាង ក៏ចូលផឹកទឹកអំពៅ ដើម្បីរង់ចាំយកលុយ ។

មួយសន្ទុះក្រោយមកជនសង្ស័យឈ្មោះ ពេញ ហេង បានខ្ចីម៉ូតូពីឈ្មោះ ព្រុយ រី បន្តទៅយកលុយពីបងធម៌ម្នាក់នៅម្តុំឃ្លាំងរំសៀវ ដោយទុកប្រពន្ធជនសង្ស័យនៅជាមួយឈ្មោះ ព្រុយ រី ជាសំអាង។

ក្រោយពីជនសង្ស័យបានម៉ូតូ ជិះចេញទៅបាត់ស្រមោល ដោយទុកឲ្យ ព្រុយ រី រង់ចាំជាមួយប្រពន្ធរបស់ជនសង្ស័យ រហូតដល់ព្រលប់ ទើបបាននាំគ្នាមករាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលបឹងសាឡាង ហើយក៏នាំគ្នាត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ។

រហូតចប់ពិធីបុណ្យភ្ជុំបិណ្ឌ ឈ្មោះ ព្រុយ រី មកផឹកកាហ្វេនៅម្តុំផ្សារអូរបែកក្អម ក៏ប្រទះឃើញជនសង្ស័យឈ្មោះ ពេញ ហេង ក៏ចាប់ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលបឹងសាឡាតែម្តង។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ពេញ ហេង បានប្រាប់ថា ខ្លួនបានខ្ចីម៉ូតូជិះបន្ត ពីកន្លែងទឹកអំពៅ ដើម្បីទៅយកលុយពីបងធម៌ឈ្មោះ ម៉ៅ ដែលជាអ្នកគក់ជេរនៅម្តុំឃ្លាំងរំសៀវ គឺនៅស្តុបពេទផន ក្បែរហ្គារ៉ាស់សាំង ស៊ូគីម៉ិច ហើយបងម៉ៅ ក៏ខ្ចីម៉ូតូជិះបន្តទៀតថា ទៅបើកលុយពីថៅកែ ដោយទុកខ្លួននៅចាំហ្គារ៉ាស់សាំងតែម្នាក់ឯង។

ដោយចាំបាត់ៗយូរទៅជនសង្ស័យក៏ខលទៅបងធម៌ឈ្មោះ ម៉ៅ បានប្រាប់ម៉ូតូស្មាស់វីហ្នឹង គាត់យកទៅបញ្ចាំហើយតែមិនបានបញ្ជាក់កន្លែងបញ្ចាំទេ និងបងម៉ៅបានសន្យាថា ចាំមានលុយនិងលោះឲ្យវិញ ព្រោះដឹងថា ជនសង្ស័យខ្ចីគេមកទេមិនមែនជាម្ចាស់ម៉ូតូ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនរគបាល ឃុំខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាល បឹងសាឡាង ដើម្បីសាកសួរកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

photo_2016-10-05_14-59-20

photo_2016-10-05_14-59-26

photo_2016-10-05_14-59-31

មតិយោបល់