ព័ត៌មានជាតិ

កម្លាំងអាវុធហត្ថខំបង្ក្រាប មេព្រៃដេកចាំទទួលផល

ត្បូងឃ្មុំៈ ក្រោយពីប្រមុខរាជរដ្ឋាភិបាលបានចេញសេចក្តីប្រកាស និងបង្ក្រាបលើបទល្មើសព្រៃយ៉ាងក្តៅកគុកយ៉ាងណាក្តី គេសង្កេតឃើញមានរថយន្តរាប់រយគ្រឿងដឹកឈើប្រណីតដែលគ្មានការអនុញ្ញាតតាមច្បាប់ត្រឹមត្រូវបានដឹកឆ្លងកាត់ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ ឆ្លងទៅប្រទេសវៀតណាម ប៉ុន្តែកម្លាំងជំនាញរដ្ឋបាលព្រៃ ដូចជាហាក់បីប្រងើយកន្តើយដោយមានការត្រូវរ៉ូវគ្នា ដូចជាខណ្ឌរដ្ឋបាលមេមត់ក្តី លុះត្រាតែខាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសហការជាមួយកម្លាំងអាវុធហត្ថស្រុកមេមត់ និងព្រះរាជអាជ្ញាខេត្តត្បូងឃ្មុំ បានបើកការបង្ក្រាបរថយន្តដឹកឈើខុសច្បាប់ចំនួន២គ្រឿង និងបានឃាត់ខ្លួនមនុស្សចំនួន៧នាក់បន្ថែមទៀត។

ហេតុការណ៍ចុះបង្រ្កាបនេះបានធ្វើឡើងកាលពីយប់រំលងអធ្រាត្រថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ នៅតាមផ្លូវជាតិលេខ៧ ភូមិចង្គុំស្ពាន ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្ត២គ្រឿង ដែលដឹកឈើដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវទេ ពីជំនាញរដ្ឋបាលព្រៃឈើនោះ មួយគ្រឿងម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 2R-9561 និងរថយន្តមួយគ្រឿងទៀតម៉ាក បាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2Y-1674 ស៊េរី២០០២ បានដឹកឈើប្រភេទឈើសុក្រំ ឈើកកោះ ប្រមាណ២ម៉ែត្រគូប។

កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សចំនួន៧នាក់ រួមមានទី១ឈ្មោះ ស៊ុន ហាង ភេទប្រុស អាយុ៣៤ឆ្នាំ ទី២ឈ្មោះ ក្រូច យ៉ាង ភេទប្រុស អាយុ៣៣ឆ្នាំ ទី៣ ឈ្មោះ រ៉េន រិន ហៅគីម ភេទប្រុស អាយុ៣៤ឆ្នាំ ទី៤ឈ្មោះ គូន មាន ភេទប្រុស អាយុ២៤ឆ្នាំ ,ទី៥ឈ្មោះ រៀប ពៅ ភេទប្រុស អាយុ៤៣ឆ្នាំ ទី៦ ឈ្មោះ ម៉ី ឡី ភេទប្រុស អាយុ២៤ឆ្នាំ និងទី៧ឈ្មោះ មិល ប្រុស ភេទប្រុស អាយុ៣៦ឆ្នាំ។

បច្ចុប្បន្នសមត្ថកិច្ចបានបញ្ចូនរថយន្តបទល្មើស និងមនុស្សទាំង៧នាក់ទៅសាកសួរនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកមេមត់ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការតាមនីតីវិធី៕

https://youtu.be/jU5XnOEM_bE

photo_2016-10-05_17-49-38photo_2016-10-05_17-49-32photo_2016-10-05_17-49-36

មតិយោបល់