ភ្នំពេញៈ ចាប់តាំងពីថ្ងៃទី៨ និងថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ លោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោក ដឹកនាំក្រុមការងារសង្កាត់ ប្រជាការពារសាលាខណ្ឌ នគរបាលប៉ុស្តិ៍ រៀបចំសណ្តាប់ធ្នាប់សាធារណៈ តាមដងផ្លូវមួយចំនួន និងធ្វើការវ៉ៃកម្ទេចរបងថ្មបាំងចិញ្ចើមផ្លូវ ហើយអនុញ្ញាតឲ្យម្ចាស់សំយ៉ាបរុះរើដោយខ្លួនឯង ព្រមទាំងទុកពេលចំនួន៣ថ្ងៃដល់ម្ចាស់ទ្វាររបងដែកផងដែរ។
ប្រតិបត្តិការនេះវ៉ៃកម្ទេចរបងថ្ម គឺធ្វើកាលពីម៉ោង៤រសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះលេខ៩៥ ផ្លូវ២១៧ (ផ្លូវមុនីរ៉េត) ភូមិ១៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយជាកន្លែងអតីតសណ្ឋាគារស បច្ចុប្បន្នជាហាងលក់គ្រឿងសង្ហារឹមដែលបានសង់របងថ្មរំលោភចិញ្ចើមផ្លូវ លយចេញពីខាងមុខផ្ទះចំនួន៣ម៉ែត្រ និងកម្ពស់១,៥០ម៉ែត្រ។
ដោយឡែកនៅម៉ោង៩ព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ លោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោក ដឹកនាំកម្លាំងចុះទៅរុះរើសំយ៉ាប ដែលសាងសង់រំលោភចិញ្ចើមផ្លូវ ប៉ុន្តែត្រូវបានម្ចាស់សំយ៉ាបសុំរុះរើដោយខ្លួនឯង។ បន្ទាប់មកលោកបន្តចុះទៅធ្វើកំណត់ហេតុ និងទុកពេលឲ្យម្ចាស់ទ្វារកែច្នៃដោយខ្លួនឯងក្នុងរយៈពេលចំនួន៣ថ្ងៃ ក្រោយពីធ្វើការណែនាំចំនួន១លើករួចមកហើយ។
ប្រភពពីប្រជាពលរដ្ឋដែលឈរមើលហេតុការណ៍ខាងលើបានខ្សឹបប្រាប់ថា ការចុះមកវ៉ៃកម្ទេច ដោយមិនបានណែនាំដល់ម្ចាស់ទីតាំងទៅតាមនីតិវិធីឲ្យបានចំនួន២ទៅ៣លើកសិនទេ គឺចុះមកចាប់យកសម្ភារៈ និងឧបករណ៍សម្រាប់សាងសង់តែម្តង។
លោក គង់ សុផាន់ ចៅសង្កាត់ផ្សារដើមគរ បានប្រាប់ឲ្យដឹងថា រាល់សំណង់ខាងលើដែលសាងសង់រំលោភចិញ្ចើមផ្លូវ លោកបានឲ្យមេភូមិចុះមកណែនាំប្រាប់ហេតុផល និងបញ្ហាការកកស្ទះចរាចរណ៍សឹងជារៀងរាល់ថ្ងៃ ជាច្រើនលើកមកហើយ។ រហូតដល់លោកបានរាយការណ៍ជូនថ្នាក់ខណ្ឌ ទើបមានវិធានការចុះមកចាត់ការរុះរើដូច្នេះ ធ្វើឲ្យប្រជាពលរដ្ឋរិះគន់អ៊ីចឹង។
លោក ប៉ាង លីដា អភិបាលរងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ និងចូលរួមរំដោះផ្លូវសាធារណៈ ដើម្បីចរាចរក្នុងរាជធានីភ្នំពេញមានភាពល្អប្រសើរឡើងវិញ ស្របតាមវិធានការរបស់សាលារាជធានីភ្នំពេញ ខិតខំរកដំណោះស្រាយនិងកែលម្អទីក្រុងភ្នំពេញ។
ជាចុងក្រោយលោកបានមានប្រសាសន៍ថា សូមបងប្អូនអញ្ចើញទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដោយថ្ងៃនេះជាថ្ងៃទី៣៨ចាប់តាំងពីថ្ងៃចុះឈ្មោះដំបូងមក និងអញ្ជើញទៅចូលរួមទទួលសេវាកម្មពិនិត្យ និងព្យាបាលជំងឺដោយមិនបង់ប្រាក់តាមសង្កាត់នីមួយៗក្នុងខណ្ឌទួលគោក តាមកាលបរិច្ឆេទរបស់ក្រសួងសុខាភិបាល ដែលបានកំណត់ ដោយរួមសហការជាមួយ អង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងមានការចូលរួមពីមន្ទីរពេទ្យព្រះកុសុមៈ មន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យព្រះអង្គឌួងផងដែរ៕
មតិយោបល់