(ភ្នំពេញ): លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានជួបជាមួយលោក Kim Hyoung-zhin អនុរដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង នៅទីស្តីការក្រសួងការបរទេស កាលពីម៉ោង៩ព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦។
លោកជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានថ្លែងថា ចំពោះបញ្ហាឧបទ្វីបកូរ៉េ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់ថា ជំហររបស់កម្ពុជា គឺប្រឆាំងការបាញ់សាកល្បងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ហើយគាំទ្រ ការលុបបំបាត់អាវុធនុយក្លេអ៊ែនៅឧបទ្វីបកូរ៉េ។
នៅក្នុងជំនួបលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកូរ៉េ ផ្តល់ការគាំទ្រដល់ពលករកម្ពុជា ដែលធ្វើការនៅកូរ៉េ និងបានផ្តល់ប័ណ្ណការងារដល់ពលករកម្ពុជា។
លោក ជុំ សុន្ទរី បន្តថា លោក ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានជជែកផងដែរ ជាមួយលោក Kim Hyoung ពីគម្រោង រៀបចំដំណើរ ទស្សនកិច្ចរបស់លោក ស្រី ប៉ាក់ ជុនហេ មកកាន់កម្ពុជាតាមការអញ្ជើញ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។
លោកបន្តថា បច្ចុប្បន្ន ប្រទេសយើងទាំងពីរ កំពុងពិនិត្យមើល ពេលសមរម្យណាមួយ ក្នុងការរៀបចំដំណើរទស្សនកិច្ច របស់ លោកស្រី ប៉ាក់ ជុនហេ ប្រធានធានាធិបតីកូរ៉េខាងត្បូង មកកាន់កម្ពុជា ដើម្បីរឹតចំណងមិត្តភាពឲ្យកាន់តែ ស៊ីជម្រៅរវាងប្រទេស ទាំងពីរ ឲ្យកាន់តែរឹងមាំថែមទៀតលើ ទំនាក់ទំនងដែលមានស្រាប់។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានឯកភាពចំពោះអាជ្ញាធរកូរ៉េបានចាប់ឃាត់នាវាដឹកទំនិញដោតទង់ជាតិកម្ពុជា៕
មតិយោបល់