ភ្នំពេញៈ លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម Telegram ថា ចៅក្រមស៊ើបសួរនឹងនៅតែបន្តចំណាត់ការស៊ើបសួរ លើសំណុំរឿងឃាតកម្មលោក កែម ឡី បើទោះជាភរិយា របស់លោក កែម ឡី គឺលោកស្រី ប៊ូ រចនា មិនបានចូលខ្លួនបំភ្លឺក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណី កាលពីរសៀលថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៦ម្សិលមិញក៏ដោយ។
សូមបញ្ជាក់ថា លោក សេង លាង ចៅក្រម ស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅលោកស្រី ប៊ូ រចនា ជាភរិយារបស់លោក បណ្ឌិត កែម ឡី ចូលខ្លួនបំភ្លឺក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណី ចំនួន២លើករួចមកហើយ ប៉ុន្តែលោកស្រី ប៊ូ រចនា មិនបានចូលខ្លួនតាមការកោះហៅរបស់តុលាការឡើយ។
លោកស្រី ប៊ូ រចនា នាពេលថ្មីៗនេះបានប្រាប់ វិទ្យុបរទេសផ្សាយជាភាសាខ្មែរមួយថា លោកស្រី និងក្រុមគ្រួសារលោកស្រី មិនដែលទទួលបានដីកាកោះហៅរបស់តុលាការនោះទេ។ ហើយបច្ចុប្បន្នលោកស្រីកំពុងសម្រាកសម្រាលកូននៅក្រៅប្រទេស ខណៈលោកស្រីកំពុងស្វែងរកការសុំសិទ្ធិជ្រកកោននៅប្រទេសទី៣។
លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម Telegram បានបញ្ជាក់ថា តុលាការកោះហៅលើកទី១ តាំងពីខែសីហា និងលើកទី២ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ ហើយតុលាការបានបញ្ជូនដីកានោះត្រឹមត្រូវតាមនីតិវិធី។
សូមជម្រាបផងដែរថា ជនជាប់ចោទឈ្មោះ ជួប សំលាប់ ត្រូវបាន លោក សេង លាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជាបណ្តោះអាសន្នកាលពីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ ក្រោមការចោទប្រកាន់ពីបទ ឃាតកម្មគិតទុកជាមុន និងបទ កាន់កាប់អាវុធគ្មានការអនុញ្ញាត យោងតាមមាត្រា ២០០ និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ។
គួររំលឹកថា ជនត្រូវចោទឈ្មោះ ជួប សំលាប់ ភេទប្រុស អាយុ ៣៨ឆ្នាំ បានបាញ់សំលាប់ជនរងគ្រោះឈ្មោះ កែម ឡី ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ ប្រធានអង្គការអភិវឌ្ឍន៍សង្គម មានទីលំនៅផ្ទះលេខ០៨E0 ផ្លូវលេខ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅក្នុងស្តារម៉ាត របស់ស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច បូកគោ កាលពីវេលាម៉ោង៨ និង៥០នាទី ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦៕
មតិយោបល់