ភ្នំពេញៈ បុរសជនសង្ស័យជាចោគាស់ម្នាក់ក្នុងចំណោមបក្សពួកគ្នា ៣នាក់ដែលបានធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋលួចយកទ្រព្យសម្បត្តិយ៉ាងសកម្មនៅក្នុងប្លុកស្ទឹងមានជ័យ យកបានទ្រព្យសម្បត្តិបានមួយចំនួនធំកាលពីមុនថ្ងៃចូលឆ្នាំកន្លងមក ហើយត្រូវម្ចាស់តាមរកឃើញកំពុងតែនៅលេងហ្គេមបាញ់ត្រីមួយកន្លែងនៅក្បែរស្ពានអាកាសស្ទឹងមានជ័យ និងចាប់ខ្លួនយកមកប្រគល់ឱ្យនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ កាលពីវេលម៉ោង ៩ព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ នេះ។
លោក ឯម ភារី នាយរងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យបានប្រាប់ឱ្យដឹងថា បុរសជនសង្ស័យដែលឃាត់ខ្លួនបាននេះមានឈ្មោះ គា ចាន់រ៉ា ហៅអាពៀច អាយុ ៣០ឆ្នាំ មុខរបរជាកម្មករលើកអុសគីប ស្នាក់នៅផ្ទះជួលក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោកត្រូវបានឃាត់ខ្លួនក្រោយពីរូបគេនិងបក្សពួកចំនួន ២នាក់ទៀតបានធ្វើសកម្មភាពគាស់ផ្ទះលេខ A៧៦ ផ្លូវលំ ក្រុមទី៦ ភូមិស្ទឹងមានជ័យ ខណ្ឌមានជ័យដែលមានម្ចាស់ ឈ្មោះ ស៊ុំ សុខចាន់ អាយុ ២៧ឆ្នាំ កាលពីយប់ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០១៦ មុនចូលឆ្នាំកន្លងមកនេះ។ ដោយយកបានប្រាក់ចំនួន ១.៣០០ដុល្លារ លុយខ្មែរចំនួន ៦០ម៉ឺន ខ្សែរកមាស ១ខ្សែរ ខ្សែរកផ្លាកទី ១ខ្សែរ និងកងដៃចំនួនមួយទៀតផងដែរហើយនាំគ្នាគេចខ្លួនបាត់អស់។ ជនរងគ្រោះក៏ធ្លាប់បាន មកដាក់ពាក្យបណ្តឹង ម្តងរួចមកហើយផងដែរ ក្រោយពេលកើតហេតុនោះ។
តាមប្រភពដដែលបានប្រាប់បន្តទៀតថា ដោយមានប្រជាពលរដ្ឋដែលនៅម្តុំផ្ទះកើតហេតុបានឃើញ និងបានស្គាល់ក្រុមជនសង្ស័យទាំង ៣នាក់នោះ ក៏បានប្រាប់ម្ចាស់ផ្ទះរងគ្រោះឲ្យបានដឹង និងតាមរករហូតទាល់តែបានឃើញជនសង្ស័យម្នាក់នៅលេងហ្គេមនៅម្តុំក្បែរស្ពាន់អាកាសស្ទឹងមានជ័យក៏នាំគ្នាចាប់ខ្លួនយកមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យតែម្តង។
ក្រោយពេលជនរងគ្រោះបាននាំគ្នាចាប់បានជនសង្ស័យជាចោគាស់ផ្ទះម្នាក់ ក្នុងចំណោមបក្សពួក ៣នាក់យកមកប្រគល់ឲ្យកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ក៏បានធ្វើការសាកសួរ និងធ្វើកំណត់ហេតុបញ្ជូនខ្លួនទៅកាន់់អធិការដ្ឋានខណ្ឌមានជ័យ ដើម្បីចាត់ការទៅតាមនិតិវិធីបន្តទៅទៀត៕
មតិយោបល់