ព័ត៌មានជាតិ

អង្គការ ហេឡែនខេលល័រអន្តរជាតិ​ សហការជាមួយក្រសួងសុខាភិបាលរៀបចំវគ្គបណ្តុះបណ្តាលអ្នកកាសែតស្តីពីការចិញ្ចឹមទារក​ និងកុមារ

ភ្នំពេញៈ នៅភោជនីយដ្ឋាន អ័រគីដេ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦នេះ អង្គការ ហេឡែនខេលល័រអន្តរជាតិ ក្រោមកិច្ចសហការជាមួយកម្មវិធីអាហារូបត្ថម្ភនៃក្រសួងសុខាភិបាល បានរៀបចំបណ្តុះបណ្តាលអ្នកសារព័ត៌មាន ស្តីពីការចិញ្ចឹមទារក និងកុមារ និងការរាយការណ៍ប្រកបដោយប្រសិទ្ធភាព។

កញ្ញា កែវ ស្រីស្រស់ មន្ត្រីទំនាក់ទំនងអង្គការ ហេឡែនខេលល័រអន្តរជាតិ HKI បានថ្លែងថា យោងតាមលទ្ធផល ដែលអង្គការ ហេឡែន បានធ្វើការស្រាវជ្រាវកន្លងមក បានរកឃើញថា មានអ្នកសារព័ត៌មានច្រើននៅមិនទាន់បានយល់ច្បាស់អំពី អ្វីទៅជាការចិញ្ចឹមទារក និងកុមារ ខណៈដែលពួកគាត់ក៏កម្រនឹងបានរាយការណ៍ពីបញ្ហានេះផងដែរ។

កញ្ញាបញ្ជាក់ថា វគ្គបណ្តុះបណ្តាលមួយនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយនូវ អនុក្រឹតលេខ១៣៣ និងចូលរួមពង្រឹងសមត្ថភាពអ្នកសារព័ត៌មានក្នុងការចូលរួមចំណែកធ្វើសេចក្តីរាយការណ៍អំពីការចិញ្ចឹមទារក និងកុមារ ឱ្យបានទូលំទូលាយបន្ថែមទៀត។

លោកស្រីវេជ្ជបណ្ឌិត ប្រាក់ សោភ័ណ្ឌនារី ប្រធានកម្មវិធីជាតិអាហារូបត្ថម្ភបានថ្លែងថា បញ្ហាអត្រាស្លាប់របស់កុមារអាយុក្រោម៥ឆ្នាំ នៅតែជាបញ្ហាគួរបារម្ភនៅឡើយ បើទោះជាចំនួននៃការស្លាប់បានធ្លាក់ចុះក៏ពិតមែន។ លោកស្រីបន្តថា ចំពោះបញ្ហា កុមារខ្វះអាហារូបត្ថម្ភនៅតែជាបញ្ហាប្រឈម ខណៈដែលកុមារនៅតាមបណ្តាខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជា ហាក់មិនទាន់ទទួលបានរបបអាហារគ្រប់គ្រាប់។ លោកស្រីបានសំណូមពរឱ្យមន្ត្រីគ្រប់ជាន់ថ្នាក់ មាតាបិតា និងអ្នកពាក់ព័ន្ធ រួមទាំងអ្នកសារព័ត៌មានផងដែរ សូមចូលរួមលើកកម្ពស់ការយល់ដឹងពីការចិញ្ចឹមទារក និងកុមារ នេះឱ្យបានផុសផលទាំងអស់គ្នា ដើម្បីកាត់បន្ថយបញ្ហានេះ។

សូមជម្រាបថា នៅក្នុងវគ្គបណ្តុះបណ្តាលនេះមាន អ្នកសារព័ត៌មានមកពីស្ថាប័នទូរទស្សន៍ កាសែត ទស្សនាវដ្ដី វិទ្យុ និងគេហទំព័រ ប្រមាណជាជិត៥០នាក់៕

photo_2016-10-20_09-36-37photo_2016-10-20_09-36-29photo_2016-10-20_09-36-30photo_2016-10-20_09-36-33photo_2016-10-20_09-36-35

មតិយោបល់