ព័ត៌មានជាតិ

មុខសញ្ញាកាច់សោ កម៉ូតូយ៉ាងសកម្មនិងជាមុខសញ្ញាចែកចាយគ្រឿងញៀន៥នាក់ ត្រូវសមត្ថកិច្ចក្របួចបាន

ព្រះសីហនុៈ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ នៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុបានធ្វើការបង្ហាញមុខ និងអត្តសញ្ញាណជនសង្ស័យចំនួន៥នាក់ ដែលជាមុខសញ្ញាកាច់សោ កម៉ូតូយ៉ាងសកម្ម និងជាមុខសញ្ញាចែកចាយប្រើប្រាស់គ្រឿងញៀន ក្រោយពីសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន នៅចំណុចក្រុម៧ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦។

លោកវរសេនីយ៍ត្រី ភុល ភស្តារ អធិការនគរបាលក្រុងព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ខាងលើនេះ ទី១ឈ្មោះ ដារ៉ា វិត ភេទប្រុស អាយុ២៣ឆ្នាំ
មុខរបរមិនពិតប្រាកដ ស្នាក់នៅកន្លែងចាប់ខ្លួនខាងលើ ជាជនដៃដល់កាច់កម៉ូតូនិងប្រើបាស់គ្រឿងញៀន។ ទី២ឈ្មោះ ស្រួន សុភី ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅជិតគ្នា ជាបក្ខពួកនិងប្រើប្រាស់គ្រឿងញៀន។ ទី៣ឈ្មោះ ស៊ុន រ៉ាវី ភេទប្រុស អាយុ២២ឆ្នាំ ទីលំនៅជិតគ្នា ជាបក្ខពួកនិងប្រើប្រាស់គ្រឿងញៀន។ ទី៤ឈ្មោះ ឈួន កញ្ញា ភេទស្រី អាយុ១៧ឆ្នាំ ត្រូវជាសង្សាររបស់ឈ្មោះ ដារ៉ា វីត ជាអ្នកផ្សំគំនិត និងជនសង្ស័យទី៥ឈ្មោះ ចាន់ វណ្ណា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់ក្តាម ស្នាក់នៅសង្កាត់លេខ២ ក្រុងព្រះសីហនុ ជាអ្នកផ្សំគំនិត។

សមត្ថកិច្ចបានបន្តថា ក្នុងនោះដែរ សមត្ថកិច្ចរកឃើញវត្ថុតាងមួយចំនួនរួមមាន ម៉ូតូចំនួន២គ្រឿង ម៉ាក អ៊ែរប៊្លែក(Air black) ជាម៉ូតូផលចោរកម្ម ព្រមទាំងថ្នាំញៀនមេតំហ្វេតាមីនចំនួន៤កញ្ចប់ ហើយករណីនេះសមត្ថកិច្ចកំពុងបន្តនីតិវិធីដើម្បីចាត់ការបញ្ជូនទៅផ្តន្ទាទោសតាមផ្លូវច្បាប់។ ទន្ទឹមនឹងនេះដែរ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រកាសជូនដំណឹងដល់ជនរងគ្រោះដែលជាម្ចាស់ម៉ូតូមកទំនាក់ទំនងទទួលយកត្រឡប់ទៅវិញផងដែរ៕

ជនសង្ស័យជាមុខសញ្ញាចោរកម្មនិងប្រើប្រាស់គ្រឿងញៀន

មតិយោបល់