ព័ត៌មានជាតិ

ស្ថានទូតកម្ពុជាប្រចាំនៅម៉ាឡេស៊ី រៀបចំមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរចំនួន៨នាក់

ភ្នំពេញ: ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយពលការិនីខ្មែរចំនួន៦នាក់ និងពលរដ្ឋខ្មែរ២នាក់ ដែលមានឈ្មោះដូចខាងក្រោម ឲ្យបានត្រឡប់មកកម្ពុជាវិញ។

ពលរដ្ឋខ្មែរទាំង ០៨នាក់នោះ គឺទី១ ពលការិនី រ.ស.អ និងទី២ ពលការិនី ធ.ច មកពីខេត្តកំពង់ឆ្នាំង បានទៅប្រទេសម៉ាឡេស៊ី កាលពីខែឧសភា ឆ្នាំ២០១៤ តាមរយ:ក្រុមហ៊ុនCentury Manpower និងធ្វើការស្របច្បាប់ជាអ្នកបោសសំអាតនៅសណ្ឋាគារPaloma ទីក្រុងគួឡាឡាំពួរ។ ដោយសារមិនទទួលបានប្រាក់ខែ និងធ្វើការលំបាកពលការិនីទាំងពីរ បានស្នើសុំស្ថានទូតទាមទារប្រាក់ខែពីថៅកែ និងជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត ប្រធានសណ្ឋាគារPaloma យល់ព្រមប្រគល់ប្រាក់ខែ និងលិខិតឆ្លងដែនដល់ពលការិនីទាំងពីរវិញ។

ទី៣. ពលការិនី រ.ស.រ អាយុ២១ឆ្នាំ មកពីខេត្តពោធិ៍សាត់ បានទៅប្រទេសម៉ាឡេស៊ី កាលពីខែមករា ឆ្នាំ២០១៥ និងធ្វើការងារតាមផ្ទះ តាមរយ:ក្រុមហ៊ុនមួយនៅកម្ពុជាមិនចាំឈ្មោះ។ ដោយចង់ត្រឡប់មកកម្ពុជាវិញ ពលការិនីបានស្នើសុំថៅកែផ្តល់ប្រាក់ខែ និងជូនទៅស្ថានទូតកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦។ ស្ថានទូតបានចេញលិខិតធ្វើដំណើរ និងជូនពលការិនីទៅបង់ពិន័យនៅការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី។

ទី៤ ពលការិនី អ.ស.អ អាយុ២៩ឆ្នាំ មកពីខេត្តកំពត បានទៅប្រទេសម៉ាឡេស៊ី ធ្វើការស្របច្បាប់ជាអ្នកបោសសំអាត នៅខែវិច្ឆិកា ឆ្នាំ២០១៥ តាមរយ:ក្រុមហ៊ុន Philimore Cambodia Co., Ltd.។ ដោយសារធ្វើការលំបាក ពលការិនីបានស្នើស្ថានទូតជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត ថៅកែរបស់ពលការិនីបានយល់ព្រមប្រគល់លិខិតឆ្លងដែន និងទូរសព្ទដៃដល់នាងវិញ។

ទី៥. ពលការិនី ទ.ស អាយុ៦២ឆ្នាំ មកពីខេត្តត្បូងឃ្មុំ បានទៅប្រទេសម៉ាឡេស៊ី កាលពីខែមករា ឆ្នាំ ២០១៤ តាមរយ:ក្រុមហ៊ុនហូគិញវិញធីអិនធី និងធ្វើការតាមផ្ទះ។ បន្ទាប់ពីធ្វើការចប់អាណត្តិ២ឆ្នាំ ពលការិនី បានស្នើស្ថានទូតទាមទារប្រាក់ខែនៅសល់ពីថៅកែ និងជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ ដោយសារ ថៅកែពលការិនី បដិសេធមិនដោះស្រាយជាច្រើនលើក ស្ថានទូតបានប្តឹងទៅតុលាការ ហើយតុលាការបាន បង្គាប់ឲ្យថៅកែ ត្រូវសងប្រាក់ខែដែលនៅខ្វះទាំងអស់ជូនពលការិនីវិញ ប៉ុន្តែថៅកែបានស្នើសុំសងជា តំណាក់ៗ។ ពលការិនី បានសម្រេចចិត្តវិលត្រឡប់មកកម្ពុជាវិញជាមួយប្រាក់ដែលទទួលបានមួយចំនួន ហើយបានប្រគល់សិទ្ធិជូនស្ថានទូតបន្តទាមទារប្រាក់ខែដែលនៅសល់ ហើយផ្ញើជូនតាមក្រោយ។

ទី៦ ពលការិនីអ.ស.អ អាយុ១៧ឆ្នាំ មកពីខេត្តបាត់ដំបង បានទៅប្រទេសម៉ាឡេស៊ី កាលពីខែកក្កដា ឆ្នាំ២០១៦ តាមរយ:ក្រុមហ៊ុនAYN នៅភ្នំពេញ។ ដោយធ្វើការលំបាក នាងបានស្នើស្ថានទូតជួយឲ្យ បានត្រឡប់មកកម្ពុជាវិញ។
ពលការិនីទាំង៦នាក់ ខាងលើ បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង០៧:៣៥ នាទីព្រឹក តាមជើងយន្តហោះលេខAK536 ។

ទី៧. ពលរដ្ឋខ្មែរឈ្មោះ ផ.ប.អ អាយុ៣៦ឆ្នាំ និងទី៨ ឈ្មោះ ម.ស.ប.រ អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាមទាំងពីរនាក់ បានជាប់ឃុំនៅពន្ធនាគារ Bukit Jalil ទីក្រុងគួឡាឡាំពួរ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ ដោយសារលិខិតឆ្លងដែនផុតសុពលភាព។ បុរសទាំងពីរនាក់ ទើបតែបានរួច ទោស ហើយស្ថានទូតបានចេញលិខិតធ្វើដំណើរជូន និងស្នើសុំអង្គការអន្តរជាតិទេសសន្តរប្រវេសន៍(IOM) ឧបត្ថម្ភសំបុត្រយន្តហោះដល់ពួកគាត់។ ពលរដ្ឋខ្មែរទាំង២នាក់ខាងលើ នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០១៦ វេលាម៉ោង ៥និង១០ នាទីល្ងាច តាមជើងយន្តហោះលេខ MH762៕

មតិយោបល់