ព័ត៌មានជាតិ

ស្ត្រីសរសៃខ្ចី គ្មានលុយទិញទឹកដោះឲ្យ​កូនបៅ ហើយត្រូវប្តីចុះចោល ទទួលបានអំណោយពីសប្បុរសជន

កំពង់ចាម: ស្ត្រីសរសៃខ្ចីម្នាក់ ទើបសម្រាលកូនបាន២ខែ ប៉ុន្តែគ្មានទឹកដោះបំបៅកូន ហើយកំពុងទាស់រ៉ាំរ៉ៃថែមទៀតផង តែអ្វីដែលហួសចិត្តជាងនេះទៅទៀតនោះ គឺលោកប្តីដែលគ្មានទំនួលខុសត្រូវ បានចុះចោលផ្ទះតាំងពីពពោះបាន៧ខែមកម្ល៉េះ។

ដោយមើលឃើញបញ្ហាជីវភាពពិបាក វេទនារបស់ស្រ្តីខាងលើ អនុសាខាកាកបាទក្រហមស្រុកជើងព្រៃ ដឹកនាំដោយ លោក ឆាយ វ៉ាន់ស៊ី អភិបាលស្រុកជើងព្រៃ រួមដំណើរដោយ លោកអភិបាលរងស្រុកទទួលបន្ទុកខាងកាកបាទក្រហមលោក ជាង សែ អធិការរងស្រុកជើងព្រៃ លោក តូ សុផល នាយកព័ត៌មាន ធី អិន អិន និងភរិយា លោក សុខ ស៊ីឌី ភ្នាក់ងារព័ត៌មានទូរទស្សន៍ហង្សមាស និង លោក រាជ សារ៉ាត់ ភ្នាក់ងារព័ត៌មានទូរទស្សន៍លេខ ៣ និង Post News កាលពីល្ងាចថ្ងៃទី ២៨ តុលា ២០១៦ បាននាំយកនូវអំណោយរបស់អនុសាខាកាកបាទក្រហមស្រុកជើងព្រៃ និងសប្បុរសជន ទៅជូនដល់ផ្ទះស្រ្តីសរសៃខ្ចីនោះតែម្ដង។

ស្រ្តីកូនខ្ចី ដែលត្រូវលោកប្ដីចុះចោលខាងលើនោះ មានឈ្មោះ ហ៊ាន អែម អាយុ៣២ឆ្នាំ គ្មានផ្ទះសំបែងស្នាក់អាស្រ័យទេ រស់នៅជាមួយម្តាយចាស់ជរាអាយុ៨៤ឆ្នាំ នៅភូមិព្រៃចារ ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ប៉ុន្តែអ្វីដែលគួរឲ្យសង្វេគជាងនេះ គឺម្ដាយចាស់ជរា ហើយវង្វេងថែមទៀតផង។

អំណោយដែលអនុសាខាកាកបាទក្រហមស្រុកជើងព្រៃរួមមាន ៖ អង្ករ៣០គីឡូ មុង ភួយ ខ្នើយ កន្ទេល សម្ភារ:ផ្ទះបាយ និងថវិកាមួយចំនួន។

ដោយឡែកសប្បុរសជនទាំងក្នុង និងក្រៅស្រុកក៏បានជួយឧបត្ថមដែរមានរាយឈ្មោះដូចជា៖

១.លោកស្រី វណ្ណនី អ៊ីន រស់នៅ សហរដ្ឋអាមេរិក ឧបត្ថម១០០ដុល្លារ

២.ប្អូនស្រី គង់ សុខឈាង អាជីករ ឧបត្ថម៥ដុល្លារ

៣.ព្រះចៅអធិការវត្តសែនសុខ មី ១កេស

៤.លោក សុខ ស៊ីឌី ភ្នាក់ងារព័ត៌មានទូរទស្សន៍ហង្សមាស អង្ករ៣ការ៉ុង

ជាចុងក្រោយ ប្រសិនបើបងប្អូនសប្បុរសជនមានបំណងចង់ជួយ សូមទំនាក់ទំនងមកខ្ញុំបាទ រាជ សារ៉ាត់ តាមរយ:លេខទូរសព្ទ ៖ ០១៦ ៥៧១ ១២២

photo_2016-10-29_16-04-59

photo_2016-10-29_16-04-47

photo_2016-10-29_16-04-50

photo_2016-10-29_16-04-54

photo_2016-10-29_16-04-57

មតិយោបល់