ភ្នំពេញៈ ដើម្បីដោះស្រាយស្ថានភាពជាក់ស្តែង និងឆ្លើយតបចំពោះកំណើនភ្ញៀវទេសចរមកកាន់ព្រះរាជាណាចក្រកម្ពុជា តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែន រាជរដ្ឋាភិបាលបានសម្រេចឱ្យសាងសង់អគារអ្នកដំណើរថ្មី១ នៅមាត់ច្រកទ្វារនេះនៅដើមឆ្នាំ២០១៧។
យោងតាមគណៈកម្មការអន្តរក្រសួង ដែលដឹកនាំដោយ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងបានឱ្យដឹងនៅថ្ងៃទី0២ ខែវិច្ឆិកា ឆ្នាំ២០១៦ថា “ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវរទេសចរ និងអ្នកដំណើរនៅតាមច្រកទ្វារអន្តរជាតិ រាជរដ្ឋាភិបាលបានសម្រេចសាងសង់អគារអ្នកដំណើរថ្មី១នៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត”។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា គម្រោងនេះត្រូវបានភាគីពាក់ព័ន្ធ ពិសេសផ្នែកឯកជន ក្រុមហ៊ុនសណ្ឋាគារ កាស៊ីណូ ឯកភាព គាំទ្រ ព្រោះដើម្បីមុខមាត់ និងសន្តិសុខ របស់ប្រទេសជាតិ ។នៅឡើយតែបញ្ហាបច្ចេកទេសដែលត្រូវពិភាក្សាគ្នាលំអិតបន្ថែមទៀត។ អគារនេះអាចនឹងត្រូវចាប់ផ្តើមសាងសង់ នៅដើមខែមករា២០១៧ ខាងមុខនេះ តាមគំរូប្លង់ដែលបានសម្រេច ដោយរាជរដ្ឋាភិបាល(រយះពេលសាងសង់ ប្រហែលជាង១ឆ្នាំ) ។
ព្រមជាមួយនោះលោករដ្ឋមន្រ្តីក៏បានជួបប្រជុំជាមួយមន្ត្រីច្រកទ្វារ ដើម្បីពង្រឹងការសម្រួលធ្វើដំណើរឲ្យបានកាន់តែល្អប្រសើរក្នុងពេលដែលភ្ញៀវទេសចរ ចូលមកតាមច្រកនេះកំពុងមានការកើនឡើងជារៀងរាល់ឆ្នាំ។
តាមរបាយការណ៍របស់នាយកដ្ឋានស្ថិតិ និងព័ត៌មានទេសចរណ៍ នៃក្រសួងទេសចរណ៍ បានឲ្យដឹងថា ជារៀងរាល់ឆ្នាំភ្ញៀវទេសចរអន្តរជាតិដែលចូលមកទស្សនាកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះមានប្រមាណ៤០ម៉ឺននាក់ (ជាង១០០សញ្ជាតិ ) ស្មើ១៣% នៃភ្ញៀវទេសចរសរុប ចេញចូលតាមច្រកនេះ ជាអាទិ៍ ថៃ រុស្សី អង់គ្លេស ចិន អាមេរិកាំង អល្លឹម៉ង់ បារាំង ជប៉ុន កូរ៉េខាងត្បូង។ល។
មតិយោបល់