ព័ត៌មានជាតិ

កូន ២នាក់ ពេលនេះគ្មានឪពុកហៅទៀតទេ ក្រោយពីអំណាចគ្រឿងញៀន បានបំផ្លាញក្រុមគ្រួសារលោក ទៀន ករុណា ក្នុងពេលមួយប៉ព្រិចភ្នែក

ភ្នំពេញៈ ឆាកជីវិតរបស់មនុស្ស មិនទៀងទាត់ឡើយ ពេលខ្លះឈឺ ពេលខ្លះជា ពេលខ្លះ បានវាចា មុនពេលមុច្ចរាជ ឆក់យកជីវិត ប៉ុន្តែពេលខ្លះទៀត មិនបានហាស្តី សូម្បីតែមួយមាត់ យ៉ាងណាមិញ ដូចជា ជីវិតជូរចត់របស់មន្ត្រីអាវុធហត្ថម្នាក់ ដែលបានតស៊ូ មិនខ្វល់ខ្វាយពីពេលវេលា ការនឿយហត់ និងផ្តល់សេចក្តីសុខ ជូនក្រុមគ្រួសារ ប៉ុន្តែអ្វី ដែលគួរឲ្យសោកសង្រេងបំផុតនោះ គឺលោក ទៀន ករុណា ដែលបានបម្រើការងារជិត ៣០ឆ្នាំ ទៅហើយនោះ បានពលីជីវិត ចោលប្រពន្ធ ក្រុមគ្រួសារជាទីស្រឡាញ់ និងកូន ២នាក់ ឲ្យនៅឯកោ មិនបានផ្តែផ្តាំ សូម្បីតែពាក្យមួយម៉ាត់ នេះហើយវាសនារបស់មនុស្ស ដែលព្រហ្មលិខិត បានចារកំណត់មក។

រយៈពេលជិត ៣០ឆ្នាំ លោក ទៀន ករុណា ដែលបច្ចុប្បន្ន ក្រោយលោកពលីជីវិត ត្រូវបានគេដាក់ងាឱ្យថា ជាវិរៈបុរស ឬវិរៈជន ដ៏ក្លាហាននោះ លោកបានតស៊ូ តាំងពីមន្ត្រីតូចតាច រហូតមកទល់នឹងលោកមានមុខងារ តួនាទីបច្ចុប្បន្ន ប៉ុន្តែទីបំផុត អំណាចគ្រឿងញៀន ដែលសង្គមស្អប់ខ្ពើមបំផុត បានបំផ្លាញជីវិតលោក និងក្រុមគ្រួសារ គ្មានសេសសល់។ រសៀលថ្ងៃសៅរ៍ ទី៣០ មេសា ២០១៦ សាកសពទាំងមូលរបស់លោក ទៀន ករុណា ដែលប្រពន្ធ និងកូន ធ្លាប់តែកៀកកើយ និងផ្តល់ភាពកក់ក្តៅ ជូនក្រុមគ្រួសារ ពេលនេះ ត្រូវអំណាចព្រះអគ្គី រំលាយឱ្យក្លាយជាផេះផង់ បាត់ទៅហើយ គ្រានោះកម្សួលត្រហូរយំ លាយឡំនឹងទឹកនេត្រា ប្រជាពលរដ្ឋរាប់ម៉ឺននាក់ បានស្រក់ចុះមក នៅពេលដែលឃើញអំណាចភ្លើង និងផ្សែង បានវិញត្របាញ់ចូលគ្នា យ៉ាងសន្ធោសន្ធៅ។

លោកទៀន ករុណា កើតនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៧៤ ជាកូនរបស់លោក ទៀន ហ៊ានតាង និងម្តាយឈ្មោះ ឯម វណ្ណា បច្ចុប្បន្នលោកឪពុក បានទទួលមរណៈកាល កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ នៅសល់តែអ្នកម្តាយរបស់លោកប៉ុណ្ណោះ។ លោកមានបងប្អូនបង្កើត ចំនួន ០៥នាក់ (ប្រុស ០២ ស្រី ០៣នាក់) លោក គឺជាកូនទីពីរ ក្នុងគ្រួសារ។ លោកបានរៀបអាពាហ៍ពិពាហ៍ ជាមួយលោកស្រី កែវ លីដា ក្នុងឆ្នាំ១៩៩៧ ដោយទទួលបានចំណងដៃអាពាហ៍ពិពាហ៍ នូវបុត្រធីតា ចំនួន ០២នាក់ ប្រុស ០១នាក់ និងស្រី ០១នាក់។

លោកកើតកនៅភូមិដីដុះ ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដែលមានដំណើរជីវប្រវត្តិរបស់ជីវិត ដូចខាងក្រោម៖

ថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ របប លន់ ណុល ធ្វើរដ្ឋប្រហារផ្តួលរំលំ សម្តេចព្រះនរោត្តម សីហនុ ព្រះប្រមុខរដ្ឋខ្មែរ បានរុញច្រានប្រទេសកម្ពុជា ធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាម វិនាសកម្ម ធ្វើឲ្យប្រជាជាតិខ្មែរ ផ្លាស់ប្តូរវាសនាពីសេចក្តីសុខ មកទទួលនូវក្តីវិនាសអន្តរាយ។ ពេលនោះ គ្រួសាររបស់លោក បានសម្រេចចិត្តមករស់នៅក្នុងក្រុងភ្នំពេញ ពេលនោះលោក ទៀន ករុណា ស្ថិតក្រោមបន្ទុកឪពុកម្តាយថែរក្សា។

ក្រោយរំដោះថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ គ្រួសាររបស់លោក ក៏ដូចគ្រួសារខ្មែរ ដ៏ទៃទៀត ត្រូវបានបង្ខំដោយចុងអាវុធ ឲ្យចាកចេញពីក្រុងភ្នំពេញ ឆ្ពោះទៅជនបទ ក្នុងជីវិតគ្មានគោលដៅពិតប្រាកដ ការធ្វើដំណើរផ្សងព្រេង ដ៏វែងឆ្ងាយ ក្តីអស់សង្ឃឹម ទីបំផុត គ្រួសាររបស់លោក បានសម្រេចចិត្តទៅរស់នៅស្រុកកំណើតរបស់ខ្លួន ស្ថិតក្នុងភូមិដីដុះ ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ រហូតដល់ ឆ្នាំ១៩៧៩។

នៅក្នុងរបប ខ្មែរក្រហម កុមារលោក ទៀន ករុណា ត្រូវបានពួកវាបង្ខំធ្វើពលកម្ម ដូចមនុស្សពេញវ័យ គ្មានពេលសម្រាក ដូចកុមារកម្ពុជា រងគ្រោះដ៏ទៃទៀត គ្មានវាសនារស់នៅដោយភាពកក់ក្តៅ ជិតឪពុកម្តាយបីបាច់ថែរក្សា ហូបមិនឆ្អែត គ្មានឱកាសរៀនសូត្រ រងដោយជំងឺញាំញី គួរឲ្យអាណិត ជីវិតរស់នៅក្រោមអំណាចភ័យខ្លាច និងទម្ងន់ទារុណកម្ម បើមិនស្លាប់ដោយអត់អាហារ និងជំងឺ ក៏ស្លាប់ដោយត្រូវពួកវា យកទៅសម្លាប់ ប្រជាជនខ្មែរជាង ៣លាននាក់ ត្រូវបានសម្លាប់ ក្នុងរបបវាលពិឃាតនេះ។ ថ្ងៃ០៧ មករា ឆ្នាំ១៩៧៩ របបឃោឃៅ បានបញ្ចប់ ទំព័រសករាជឯករាជ្យថ្មី នាំមកនូវពន្លឺសេរីភាព ដល់អ្នកដែលអស់សង្ឃឹម រង់ចាំសេចក្តីស្លាប់ បានចាប់ផ្តើមជីវិតថ្មី។

កុមារលោក ទៀន ករុណា ក៏ដូចជាក្រុមគ្រួសារ មានភ័ព្វសំណាង បានរួចផុតពីសេចក្តីស្លាប់ ដោយចាប់ផ្តើមជីវិត ពីគំនរសោដនាកម្ម វិនាសកម្ម ឈាម និងទឹកភ្នែក ដែលបានបន្សល់ទុក ដោយរបបខ្មែរក្រហម អ្វីៗទាំងអស់ បានធ្វើដំណើរចេញពីបាតដៃទទេ ប៉ុន្តែក្នុងជីវិត ពោរពេញ ដោយក្តីអស់សង្ឃឹម ឆ្ពោះទៅអនាគត។ ក្រុមគ្រួសាររបស់លោក ទៀន ករុណា បានសម្រេចចិត្ត មករស់នៅក្រុងភ្នំពេញ ដើម្បីកសាងជីវភាពថ្មី។

ឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៩០ កុមារ ទៀន ករុណា បានចូលរៀននៅសាលាបឋមសិក្សា និងវិទ្យាល័យសន្ធរមុខ ក្រុងភ្នំពេញ។ ក្នុងជីវិតសិក្សារបស់លោក មានសេចក្តីអំណត់ព្យាយាម ជាកូនល្អ សិស្សល្អ មិត្តល្អ និងជាសិស្សរៀនពូកែប្រចាំថ្នាក់ ទទួលបានការផ្តល់តម្លៃពីមិត្តរួមថ្នាក់ និងសាស្ត្រាចារ្យ ប្រចាំសាលា។ ដោយសារកាលៈទេសៈ ប្រទេសជាតិមានសង្គ្រាម និងដោយក្រុមគ្រួសារ មានការលំបាកក្នុងជីវភាព យុវសិស្ស ទៀន ករុណា បានសម្រេចចិត្តបញ្ឈប់ការសិក្សា ស្ម័គ្រចិត្តចូលបម្រើក្នុងកងទ័ព ប្រជាជនបដិវត្តន៍កម្ពុជា នៅថ្ងៃទី១០ ខែមករា ឆ្នាំ១៩៩០ ក្នុងជីវភាពជាកងព័ទ យុទ្ធជន ទៀន ករុណា មានសីលធម៌រស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ វិន័យម៉ឺងម៉ាត់ មានឆន្ទៈប្រយុទ្ធអង់អាចក្លាហាន ជាមួយខ្មាំងសត្រូវ នៅគ្រប់សមរភូមិប្រយុទ្ធ ដោយបង្កើតបាន នូវស្នាដៃគុណសម្បត្តិជាច្រើន ជាកងព័ទគំរូឈានមុខ ប្រចាំក្នុងអង្គភាព ជាយុទ្ធជន ដែលមានទឹកចិត្តទូលំទូលាយ ប្រកបដោយមនោសញ្ចេតនា ដ៏ជ្រាលជ្រៅ សាមគ្គីភាព ឯកភាពជិតស្និទ្ធ ជាមួយមិត្តរួមអាវុធ ស្គាល់ទុក្ខធុរៈ លះបង់ចែករំលែក ធ្វើឲ្យមិត្តភក្តិក្នុងអង្គភាព គោរពស្រឡាញ់។

អាស្រ័យដោយលក្ខណៈសម្បត្តិ សមត្ថភាព គុណធម៌ លោក ទៀន ករុណា ត្រូវបានមេបញ្ជាការមានជំនឿទុកចិត្ត ហើយបានប្រគល់តួនាទី និងឋានន្តរសក្តិ ជូនជាបន្តបន្ទាប់ដូចខាងក្រោម៖

ឆ្នាំ១៩៩០-១៩៩៣ ព្រឹន្ធបាលឯក ជំនួយការ សុខាភិបាលវរសេនាធំលេខ ៥៣ កងពលធំលេខ ៧ កងទ័ពប្រជាជនបដិវត្តន៍កម្ពុជា។

ឆ្នាំ១៩៩៣-១៩៩៦ នាយចំណង់ ជំនួយការ សុខាភិបាល ការិយាល័យសុខាភិបាល អគ្គសេនាធិការ កងយោធពលខេមរភូមិន្ទ។

ឆ្នាំ១៩៩៦-២០០០ អនុវសេនីយ៍ត្រី ជំនួយការ សាលាបំភ័ន្តអក្ខរៈ កងយោធពលខេមរភូមិន្ទ។

ឆ្នាំ២០០០-២០០៧ អនុសេនីយ៍ទោ ជំនួយករទីចាត់ការបញ្ជូនសារ អគ្គបញ្ជាការ កងយោធពលខេមរភូមិន្ទ។

ឆ្នាំ២០០៧-២០០៩ អនុសេនីយ៍ឯក ជំនួយការ ការិយាល័យកណ្តាលស្រាវជ្រាវ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ឆ្នាំ២០០៩-២០១៤ អនុសេនីយ៍ឯក ជំនួយការ ការិយាល័យប្រឆាំងបទល្មើសជួញដូរគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ។

ឆ្នាំ២០១៤ ដល់ ថ្ងៃពលីជីវិត នាយរង ការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ។

ដោយសា្នដៃ គុណសម្បត្តិ លះបង់ដ៏ធំធេង រហូតដល់ជីវិតចុងក្រោយ ចំពោះបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ លោកអនុសេនីយ៍ឯក ទៀន ករុណា ត្រូវបានមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូនឋានន្តរស័ក្ត កិច្ចមច្ឆារមរណៈ ថ្នាក់វរសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ដែលជាកិត្តិយសមួយ ដ៏ខ្ពង់ខ្ពស់ សម្រាប់លោក និងក្រុមគ្រួសារ។

ទន្ទឹម និងទទួលបាន នូវឋានន្តរសក្តិ និងតួនាទី ស្របតាមគុណសម្បត្តិ ខាងលើ លោក ទៀន ករុណា នៅទទួលបាននូវគ្រឿងឥស្សរិយយស និងមេដាយការងារ មួយចំនួន ដូចខាងក្រោម៖

. គ្រឿងឥស្សរិយយសការងារជាតិ ថ្នាក់មាស ០១គ្រឿងប្រាក់ ០១គ្រឿង សំរិទ្ធ ០១គ្រឿង
. មេដាយការងារ ថ្នាក់មាស ០១គ្រឿង ប្រាក់ ០១គ្រឿង សំរិទ្ធ ០១គ្រឿង
. ប័ណ្ណសរសើរ ថ្នាក់អគ្គបញ្ជាការ និងអាវុធហត្ថផ្ទៃប្រទេស ចំនួន ០៥សន្លឹក ក្នុងនោះមានលិខិតសរសើរ រង្វាន់សរសើរ ជាច្រើនទៀត។

ម៉ោងនេះ ថ្ងៃនេះ លោក ទៀន ករុណា បានលាចាក ឆ្ងាយពីយើងទាំងអស់គ្នា លាប្រពន្ធ ដ៏សែនអាណិត លាកូនទាំងពីរ ដ៏សែនស្រឡាញ់លើសពីជីវិត លាម្តាយ លាបង លាប្អូន លាញាតិមិត្ត លាលំនៅដ្ឋាន ដែលធ្លាប់ជ្រកកោន ដ៏មានសុភមង្គល លាគ្រប់អនុស្សាវរីយ៍ ដែលធ្លាប់រួមរស់ជាមួយគ្នា លាគ្មានថ្ងៃវិលត្រឡប់វិញឡើយ។ ការបាត់បង់ជីវិតរបស់លោក ទៀន ករុណា ស្ថិតក្នុងវិរៈភាព កញ្ចាត់គ្រឿងញៀន ដោយសារគ្រឿងញៀន វាបានជំរុញ ឲ្យមានអំពើឧក្រិដ្ឋកម្ម ចោរកម្ម រួមនិងអំពើហិង្សា ឃោឃៅជាច្រើន ក្នុងសង្គម។

បច្ចុប្បន្ននេះ យុវជនកម្ពុជា មួយចំនួន បានធ្លាក់ខ្លួនក្នុងអំពើអបាយមុខ បំពានប្រព្រឹត្តគ្រឿងញៀន ខុសឆ្គង ដ៏គួរឲ្យសោកស្តាយ ដែលមិនត្រឹមតែបំផ្លាញជីវិតខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែវាបានបំផ្លាញសេចក្តីសុខរបស់គ្រួសារ និងសង្គមជាតិទាំងមូល ទីបំផុតធនធានមនុស្ស ដែលជាអនាគត នៃប្រភពបន្តវេន ត្រូវបំផ្លាញ និងកំពុងត្រៀមកបំផ្លាញ ដ៏គួរឲ្យភ័យខ្លាច។ ដោយមើលឃើញពីការឈឺចាប់ និងក្តីវិនាសអន្តរាយ ដែលបង្កឡើង ដោយពួកឧក្រិដ្ឋជនគ្រឿងញៀន បំផ្លាញជាតិសាសន៍ខ្លួនឯង ព្រោះតែផលប្រយោជន៍ សេចក្តីសុខផ្ទាល់ខ្លួន មិនគិតដល់ប្រទេសជាតិ ត្រូវបាត់បង់ និងពុំគិតពីការឈឺចាប់របស់អ្នកដ៏ទៃ ស្ថាបនាសេចក្តីសុខ លើគំនរទុក្ខសោករបស់ជនរងគ្រោះ។ លោក ទៀន ករុណា ជាមន្ត្រី ដែលមានតួនាទី ភារកិច្ច ប្រយុទ្ធប្រឆាំងគ្រឿងញៀន តែងអនុវត្តន៍ស្រប តាមជំនាញវិជ្ជាជីវៈ មិនធ្វេសប្រហែស ដោយប្រកាន់ជាប់ នូវតួនាទីជាអ្នកអនុវត្តន៍ច្បាប់ ប្រកបដោយវិន័យម៉ឺងម៉ាត់ ដាច់ខាតប្រយុទ្ធប្រឆាំងមិនរាថយ ចំពោះពួកឧក្រិដ្ឋជន និងជនល្មើស អ្នកប្រព្រឹត្តខុសច្បាប់ ត្រូវតែផ្តន្ទាទោសដាច់ខាត មិនលើកលែង។

គោលបំណង និងឧត្តមគិតរបស់លោក គឺដាច់ខាតប្តូរផ្តាច់ ទោះបីត្រូវលះបង់ ដោយតម្លៃអ្វីក៏ដោយ ក៏លោកមិនរាថយ នៅចំពោះមុខឧបសគ្គ។ ទីបំផុតរូបលោក ត្រូវបានបូជាជីវិត ក្នុងបេសកកម្ម បង្ក្រាបគ្រឿងញៀន ដោយវិរៈភាពអង់អាចក្លាហាន។ លោកមិនត្រឹមតែជា នាយទាហាន ដ៏សកម្មស្មោះត្រង់ប៉ុណ្ណោះទេ ប៉ុន្តែជាកូនដ៏ល្អក្នុងគ្រួសារ ជាស្វាមីដ៏ល្អរបស់ភរិយា ជាឪពុកប្រកបដោយព្រហ្មវិហារធម៌ ចំពោះបុត្រធីតា។ ពេញមយជីវិតរបស់លោក បានលះបង់ និងចំណាយពេលវេលា រាប់មិនអស់ ដើម្បីប្រទេសជាតិ និងសេចក្តីសុខរបស់ក្រុមគ្រួសារ ដោយខំរែកពុនការលំបាក គ្រប់យ៉ាងជំនួសភរិយា ថែទាំបីបាច់អប់រំ ចិញ្ចឹមកូន ដោយក្តីអាណិតស្រឡាញ់ ដើម្បីឲ្យកូនលុះដោយដំបូន្មាន ជាមនុស្សល្អ និងជាពលរដ្ឋល្អ ក្នុងសង្គមជាតិ។

ស្នាដៃគុណសម្បត្តិ ដ៏ឧត្តុងឧត្តម ប្រកបដោយមនសិការស្នេហាជាតិ មាតុភូមិ របស់លោក យើងខ្ញុំទាំងអស់គ្នា ជានាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ជាពិសេសនាយទាហាន នាយទាហានរង និងពលទាហាន កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ទាំងមូល សូមកត់ត្រាទុក ក្នុងទំព័រប្រវត្តិសាស្ត្រាការងារ ចងចាំកោតសរសើរ រៀនសូត្រ នូវគំរូវីរៈភាព ដ៏អង់អាចក្លាហាន ជារៀងរហូត យើងខ្ញុំទាំងអស់គ្នា សូមសម្តែងមនោសញ្ចេតនា ក្រៀមក្រំ សោកស្តាយ ចូលរួមមរណៈទុក្ខ ជាមួយក្រុមគ្រួសារ និងសាច់សាលោហិតរបស់សព ព្រោះការបាត់បង់ លោកវរសេនីយ៍ត្រី ទៀន ករុណា គឺជាការបាត់បង់ នូវកុលបុត្រខ្មែរមួយរូប ដែលមានគុណធម៌ សីលធម៌ មនុស្សធម៌ ដ៏ជ្រាលជ្រៅ ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ជានាយទាហាន ដ៏សកម្ម ជាធនធានមនុស្ស ប្រកបដោយសមត្ថភាព វិរៈភាព នៃកងរាជអាវុធហត្ថ របស់យើង ផងដែរ៕

photo_2016-04-30_15-54-20photo_2016-04-30_15-54-27 photo_2016-04-30_15-54-01 photo_2016-04-30_15-54-04 photo_2016-04-30_15-54-07 photo_2016-04-30_15-54-10photo_2016-04-27_18-15-42

មតិយោបល់