ព័ត៌មានជាតិ

បុរសម្នាក់ ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ១០៩ឆ្នាំ និងរង់ចាំប្រកាសសាលក្រមបន្ថែម ក្នុងសំណុំរឿងប្លន់ម៉ូតូ ជាច្រើនករណី

ភ្នំពេញៈ យ៉ាងហោងណាស់តុលាការក្រុងភ្នំពេញ បានសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ នុជ សំណាង ហៅសែន សំណាង ដាក់ពន្ធនាគារ ១០៩ឆ្នាំ លើ សំណុំរឿង លួចមានស្ថានទម្ងន់ទោស និងឃាតកម្ម នៅក្នុងទឹកដីរាជធានីភ្នំពេញ។

នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ម្សិលមិញនេះ លោក ជា សុខច័ន្ទដេត ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសឈ្មោះ នុជ សំណាង ហៅ សែន សំណាង និងគូកន២នាក់ទៀត ដាក់ពន្ធនាគារម្នាក់ ១៨ឆ្នាំពាក់ព័ន្ធ សំណុំរឿង ២ករណីបន្ថែមទៀត គឺករណី លួចមានស្ងានទម្ងន់ទោស និងករណី ឃាតកម្ម កាន់កាប់ និងប្រើប្រាស់អាវុធដោយខុសច្បាប់ ខណៈដែលឈ្មោះ សំណាង ធ្លាប់ត្រូវបានចៅក្រមរូបនេះផ្តន្ទាទោសដាក់ពន្ធនាគារកំណង់ ៩១ឆ្នាំ លើ ១៣ករណីនៃបទ លួចមានស្ថានទម្ងន់ទោសប្រព្រឹត្តនៅក្នុងទឹកដីរាជធានីភ្នំពេញ។

នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ម្សិលមិញផងដែរ លោក លោក ជា សុខច័ន្ទដេត ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ក៏បានបើកសវនាការជម្រះក្តីលើឈ្មោះ នុជ សំណាង ហៅ សែន សំណាង ឈ្មោះ អ៊ិន បញ្ញា និងឈ្មោះ ចាន់ ពិទូ ពាក់ព័ន្ធនឹងសំណុំរឿង ប្លន់ម៉ូតូ ម៉ាក ស្កុបពី ប្រព្រឹត្តកាលពីម៉ោង១១ និង៣០នាទីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ នៅម្តុំមុខហាងហ្គ្រែន ផ្លូវ៤៣០ កែងនឹងផ្លូវ៤៥២ ក្រុម៨ ភូមិ៤ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន។

លោក កុន បុន តំណាងអយ្យការបានចោទប្រកាន់ជនជាប់ចោទទាំង៣នាក់ខាងលើ ពីបទ លួចមានស្ថានទម្ងន់ទោស ដោយសារប្រព្រឹត្តអំពើហិង្សា យោងតាមមាត្រា ៣៥៧នៃក្រមព្រហ្មទណ្ឌ ប៉ុន្តែជនជាប់ចោទបានច្រានចោលការចោទប្រកាន់នេះដោយបដិសេធថាពួកគេមិនបានប្រព្រឹត្ត។

សំណុំរឿងថ្មីនេះនឹងត្រូវតុលាការប្រកាសសាលក្រមនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខ៕

https://youtu.be/VywUMymYMx0

មតិយោបល់