បន្ទាយមានជ័យៈ លោកយាយជរា រងគ្រោះដោយភ្លើងឆេះផ្ទះ ត្រូវបានលោក លី សារី ប្រធានសាខា កាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ រួមនិងក្រុមការងារ នាំយកទៅចែកជូនដល់ទីតាំងដែលត្រូវភ្លើងឆេះក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី០៨ វិច្ឆិកា ឆ្នាំ២០១៦។
លោក លី សារី ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដោយមានការគិតគូរយ៉ាងយកចិត្តទុកដាក់ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លើសុខទុក្ខប្រជាពលរដ្ឋជួបការលំបាកពីគ្រោះធម្មជាតិ ដូចជាខ្យល់ព្យុះ ទឹកជំនន់ ភ្លើងឆេះផ្ទះ លោកបានដឹកនាំក្រុមការងារកាកបាទក្រហមខេត្តបន្ទាយមានជ័យ ព្រមទាំងមានការចូលរួមពីលោក ឈើយ ចាន់ណា អភិបាលរងខេត្តនាំអំណោយជាសម្ភារៈឧបភោគបរិភោគរួមមាន អង្ករ២ការុង មី១កេះ ត្រីខ១យួរ ធុងទឹក១ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ កន្ទេល១ តង់១ ឃីត១ ឆ្នាំងចាន រួមនិងថវិកា មួយចំនួន ជូនដល់លោកយាយ ហឿង សួរ អាយុ៧៤ឆ្នាំ ដែលទទួលរងគ្រោះដោយ ភ្លើងឆេះផ្ទះ ធ្វើអំពីឈើប្រក់ ស័ង្កសី មានទំហំ ៦ម៉ែត្របួនជ្រុង ត្រូវឆាបឆេះអស់ទាំងស្រុង រួមនឹងសម្ភារៈទាំងអស់ក្នុងផ្ទះកាលពីយប់ឈានចូលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦។
ជាមួយគ្នានេះ លោក លី សារី បានធ្វើការផ្ដាំផ្ញើដល់កូនចៅរបស់លោកយាយ ធ្វើយ៉ាងណា មើលថែលោកយាយ ឲ្យបានល្អ ផ្តល់អាហារជូនលោកយាយឲ្យបានគ្រប់គ្រាន់ ព្រោះលោកយាយមានវ័យជរាដើរមិនរួច៕
មតិយោបល់