ព័ត៌មានជាតិ

បើកសវនាការជម្រះទោសម៉ែយ៉ែមម្នាក់ និងប្តី រឿងបើកហាងម៉ាស្សា បង្កប់សេវាផ្លូវភេទ

ភ្នំពេញ: នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះលោក គឹម រ័ត្នណារិន ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជម្រះទោសជនជាប់ចោទ២នាក់ រឿង បើកទីតាំងម៉ាស្សាបង្កប់សេវាកម្មផ្លូវភេទ។

ជនជាប់ចោទទី១ ឈ្មោះ កែវ និមល ភេទស្រី អាយុ ៤៥ឆ្នាំ ជាប្រពន្ធ និងទី២ឈ្មោះ ប៉ុន ប្រាក់ ភេទប្រុស អាយុ ៣៦ឆ្នាំ ជាប្តី (នៅក្រៅឃុំ) ត្រូវបានលោកស្រី ស៊ី វណ្ណនី តំណាងអយ្យការចោទប្រកាន់ ពីបទផ្តល់ទីកន្លែងសម្រាប់ធ្វើពេស្យាចារ ប្រព្រឹត្តកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ នៅភូមិក្រាំងធ្នុង សង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ យោងតាមមាត្រា ៣២ នៃច្បាប់ស្តីពី ការបង្ក្រាបការជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។

នៅក្នុងសវនាការជនជាប់ចោទឈ្មោះ កែវ និមល បានបដិសេធថា ខ្លួនមិនបានដឹងរឿង ស្ត្រីម៉ាស្សាក្នុងហាងយីហោ មាន មាន របស់ខ្លួន បានលួចគេងជាមួយភ្ញៀវនោះទេ។

ដោយឡែកជនរងគ្រោះចំនួន៤នាក់បានឆ្លើយថា ពួកគេពិតជាបានដេកជាមួយភ្ញៀវក្នុងមួយម៉ោង២០ដុល្លារ ទៅ៣០ដុល្លារ ដោយដកលុយចំនួន ១០០០០រៀលឱ្យម្ចាស់ហាងខាងលើ។

គួររំលឹកថា ជនជាប់ចោទ និងស្ត្រីរងគ្រោះត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃ ឃាត់ខ្លួន និងរំដោះបានកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ ខណ:ពួកគេកំពុងរួមភេទជាមួយភ្ញៀវនៅក្នុងហាងម៉ាស្សាយីហោ មាន មាន ដែលមានទីតាំងភូមិក្រាំងធ្នុង សង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ។

សំណុំរឿងខាងលើនេះ តុលាការនឹងប្រកាសសាលក្រមនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខ៕

photo_2016-11-10_17-01-52

មតិយោបល់